អាជ្ញាធរក្រុងស្ទឹងត្រែងអោយប្រជាពលរដ្ឋ១៣៩ខ្នងផ្ទះរស់នៅ តាមជួរ មាត់ទន្លេរើផ្ទះចេញ នៅខែមេសាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង ៖

 អាជ្ញាធរក្រុងស្ទឹងត្រែងបាន  ឱ្យប្រជាពលរដ្ឋ រស់នៅតាមជួរមាត់ទន្លេចាប់ពីព្រះរាជដំណាក់ ទៅដល់ស្ពានមេគង្គត្រូវរុះរើសំណង់ទាំងនោះចេញនៅខែមេសាខាងមុខនេះដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធមានលទ្ធភាពក្នុងការអភិវឌ្ឍន៍ទីក្រុងស្អាតនៅឆ្នាំ២០២០នេះ។ 

ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងស្អាត នៅឆ្នាំ២០២០ លោកសាយកុសលអភិបាលក្រុងស្ទឹងត្រែង នៅថ្ងៃទី១៥កុម្ភៈ បានជូនដំណឹងឲ្យប្រជាពលរដ្ឋ(១៣៩ខ្នងផ្ទះ)ដែលកំពុងរស់ នៅតាមជូរមាត់ទន្លេសេកុង ក្នុងភូមិព្រែកសង្កាត់ ស្ទឹងត្រែង និងនៅតាមជួរមាត់ទន្លរមេគង្គ ក្នុងភូមិបាចុងសង្កាត់ព្រះបាទត្រូវរុះរើលំនៅដ្ឋាន ឱ្យបានរួចរាល់នៅថ្ងៃទី៣០មេសាខាងមុខនេះ។ 

           លោកអភិបាលក្រុងស្នើឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ដល់អាជ្ញាធរ ព្រោះខេត្តត្រូវការយកទីធ្លាសាធារណៈនេះដើម្បី ធ្វើការសាងសង់របាំងបេតុង  តាមច្រាំងទន្លេ ការពារកុំឱ្យមានការបាក់ដី  ប៉ះពាល់ដល់ផ្លូវជាតិ ដែលនាំឱ្យបាត់បង់សោភណ្ឌភាពទីរួមខេត្ត និងបាត់បង់ផ្លូវសាធារណៈដែល បងប្អូនកំពុងធ្វើចរាចរណ៍សព្វថ្ងៃនេះ។ 

          លោកបន្តថា៖បងប្អូនរស់នៅតាមជួរមាត់ទន្លេមានហានីភ័យខ្លាំង  នៅខែវស្សាពេលមានទឹកជំនន់មេគង្គឡើងធំម្តងៗ ទឹកហូរច្រោះបាក់ ច្រាំង  អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលបងប្អូនមិនបាន ប្រុងប្រយ័ត្នក្នុងករណីណាមួយ។ 

         លោកស្រី ម៉ៅច្រឹប តំណាងឱ្យ ប្រជាពលរដ្ឋ១៣៩ខ្នងផ្ទះរស់នៅលើចំណីផ្លូវតាមជួរ មាត់ទន្លរបានព្រមព្រៀងជាមួយអាជ្ញាធរនិង រុះរើលំនៅដ្ឋានចេញ  តែពួកគាត់ សុំឲ្យអាជ្ញាធរដោះស្រាយឱ្យមានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន  ហើយទីតាំងរស់នៅមានទឹក ភ្លើង សាលារៀនសំរាប់អនាគតកូនចៅឱ្យដូចគេឯងដែរ។     

         សូមបញ្ជាក់ថា៖ការស្នើសុំឲ្យប្រជាពលរដ្ឋរុះរើ លំនៅដ្ឋាននេះនឹងផុតកំណត់នៅថ្ងៃទី៣០មេសាខាងមុខ   ចំណែក ដំណោះស្រាយករណីផ្សេងៗទៀតថា្នក់ដឹកនាំសាលាក្រុងនិងជួយ សម្រួលបញ្ហាដឹកជញ្ជូនសម្ភារៈទៅកាន់ទីតាំងថ្មីក្រោម កិច្ចសហការជាមួយ ម្ចាស់លំនៅដ្ឋានផ្ទាល់៕