ឯកឧត្តម ប្រាក់ សុខុន នឹង​ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី៥ និងកិច្ចប្រជុំពិសេសអាស៊ាន-ចិន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៥,០២,២០២០៖

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៥ និងកិច្ចប្រជុំពិសេសមន្រ្តីការបរទេស អាស៊ាន-ចិន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី១៥ ខែកុម្ភៈនេះបានបញ្ជាក់ថា តបតាមលិខិតអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំលើកទី៥ ដោយមានចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកិច្ចពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន «ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ឬហៅថា CoVID-19» ដែលនឹងប្រព្រឹត្តទៅ នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវចាប់ពីថ្ងៃពីថ្ងៃទី១៩ ដល់ថ្ងៃ២០ ខែកុម្ភៈឆ្នាំ២០២០។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីកការបរទេសមេគង្គ-ឡានឆាងលើកទី៥ នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីមេគង្គ-ឡានឆាង ដែលបានរៀបចំឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ពិភាក្សាពីទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការនេះ ក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ដោយឡែកកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន «ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា» នឹងពិភាក្សាផ្លាស់ប្តូរយោបល់ រិះរកមធ្យោបាយនិងរបៀបថ្មីៗដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។ ហើយដែលនៅក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន នឹងជម្រាបអំពីពត៌មានចុងក្រោយបង្អស់ ពាក់ពន្ធនឹងជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ក៏ដូចជា វិធានការណ៍ដែលបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។
ការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំខាងលើ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន មិនត្រឹមតែដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងកាលៈទេសៈ ដ៏លំបាកនៃការគំរាមគំហែងដល់សុខភាពពិភពលោកប៉ុណ្ណោះទេ តែក៏បង្ហាញពីការគាំទ្រនិងទំនុកចិត្ត ចំពោះវិធានការណ៍ចាំបាច់នានារបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះផងដែរ៕