សិស្សានុសិស្សនិងដំរីថៃ ផ្ញើក្តីស្រឡាញ់ជូនប្រទេសចិនដែលកំពុងប្រឈមនឹងជំងឺខូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


សិស្សានុសិស្ស និងគ្រូបង្រៀនថៃប្រមាណ ៣០០០នាក់ បានប្រមូលផ្តុំគ្នានៅថ្ងៃសុក្រ ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ នៅខេត្តអាយុធ្យារបស់ប្រទេសថៃ ដើម្បីជូនពរនៃក្តីស្រឡាញ់ទៅកាន់ប្រទេសចិន ដែលកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺខូវីដ-១៩។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីរសៀលសុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០។
និស្សិតនិងគ្រូបង្រៀននៅសាលាជីរ៉ាសាតវ៉ាធីយ៉ានៃខេត្តអាយុធ្យាបាននាំគ្នាឈរប្រមូលផ្តុំជាមួយដំរីមួយគូក្នុងទម្រង់ជារាងបេះដូងនៅទីធ្លាសាលារៀន ហើយស្រែកលើកទឹកចិត្តឲ្យប្រទេសចិនត្រូវបន្តប្រយុទ្ធនឹងវិរុស(Covid-19)បន្តទៀត។លោក Liang Jie គ្រូបង្រៀនភាសាចិនដែលមកពីទីក្រុង Xiamen នៅឆ្នេរខាងកើតនៃប្រទេសចិនបានឲ្យដឹងថា ពេលនេះប្រជាជនចិនកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលវិរុស(Covid-19)។ ដូច្នេះប្រជាជនប្រទេសដទៃគួរតែនាំគ្នាលើកទឹកចិត្ត និងផ្តល់ក្តីស្រលាញ់បន្ថែមទៀត។លោកគ្រូសូមថ្លែងអំណរគុណដល់ប្រជាជនថៃដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រដល់ប្រទេសចិន។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនគណៈកម្មាធិសុខភាពជាតិរបស់ប្រទេសចិនបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុស(Covid-19)នៅក្នុងប្រទេសចិនបានកើនដល់ ៦៣.៨៥១ នាក់៕