ក្រសួងព័ត៌មាន គាំទ្រការផ្សព្វផ្សាយព័ត៌មាន អំពីការអប់រំ ការបណ្តុះបណ្តាលស្ត្រីឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា ៖ ដោយ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានគាំទ្រការផ្សព្វផ្សាយព័ត៌មាន អំពីការអប់រំ ការបណ្តុះបណ្តាលស្ត្រីឲ្យក្លាយជាភ្នាក់ងារដ៏វិសេស របស់អង្គការសកល ដើម្បីជាការរួមចំណែកបង្ហាញថាស្ដ្រីមានសិទ្ធិស្មើគ្នាជាមួយបុរស និងជាកម្លាំងចលករស្នូលយ៉ាងសំខាន់លើគ្រប់វិស័យដែលសង្គមជាតិ សង្គមគ្រួសារ មិនអាចខ្វះបានឡើយ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម បានអនុញ្ញាតឲ្យលោកស្រី ញ៉ សុខឃីម នាយិការប្រតិបត្តិ អង្គការសកល ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មានក្នុងគោល បំណងផ្សារភ្ជាប់រវាងអង្គការជាមួយ នឹងក្រសួងព័ត៌មាន ដើម្បីជាការចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីការអប់រំ ការបណ្តុះបណ្តាលស្ត្រី ឲ្យក្លាយជាភ្នាក់ងារដ៏វិសេស ក្នុងគោលដៅអភិវឌ្ឍន៍ស្រ្តីខ្មែរឲ្យមានភាពជាអ្នកដឹកនាំ ក្នុងសង្គមទូទៅគ្រប់វិស័យ ដោយអព្យាក្រឹតភាព និងអភិវឌ្ឍន៍ចំណេះដឹងផ្នែក បើកបរតាមមូលដ្ឋាន ជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
លោកស្រី ញ៉ សុខឃីម នាយិការប្រតិបត្តិ អង្គការសកល បានសម្ដែងការអរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ធមន្ត្រីក្រសួងព័ត៌មាន ចំពោះការផ្ដល់ជាអនុសាសន៍លើ ផែនការផ្សព្វផ្សាយ ដើម្បីប្រាប់ពិភពលោកឲ្យស្គាល់ជនជាតិខ្មែរ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែមតាមរយៈ “ព្រឹត្តិបត្រសកលពហុផ្សព្វផ្សាយ” របស់អង្គការសកល ដើម្បីកាន់តែបញ្ជាក់ថា ខ្មែរមានតួនាទី សប្បុរសធម៌ជាសកលដោយ សេចក្តីស្រឡាញ់ពេញចិត្តរាប់អានផុត ហើយ ទោះជាហេតុផលណាក៏ ជាតិខ្មែរនៅតែ បំពេញជាភារកិច្ចជួយសង្គមពិភពលោកក្នុង បុព្វហេតុ និង គោលដៅ “ពិភពលោកសន្តិភាពដើម្បីមនុស្សជាតិ” និង”មនុស្សជាតិបង្កើតសន្តិភាពដើម្បីសកលលោក”៕