ទូតអាមេរិក វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលមានចំណាត់ការលឿនជួយអន្ដរាគមន៍ដល់ភ្ញៀវទេសចរនៅលើកប៉ាល់

វិទ្យុជាតិកម្ពុជា៖ លោកហុក សុខរិន
MC៖ ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណាត់ការលឿន និងមានប្រសិទ្ធភាពចំពោះជួយអន្ដរាគមន៍ដល់ភ្ញៀវទេសចរនៅលើកប៉ាល់ ដើម្បីជួយដល់ពួកគេមានសុវត្ថិភាព បានត្រលប់ទៅប្រទេសកំណើតវិញ។
លោក Michael Newbill ឯករដ្ឋអគ្គទូតរងអាមេរិកប្រចាំនៅកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យកប៉ាល់អាមេរិកចូលចតនេះ គឺជាទង្វើលប្រកបដោយមនុស្សធម៌មួយដែលមិនអាចកាត់ថ្លៃបាននោះទេ ។
លោកឯករដ្ឋអគ្គទូតរងអាមេរិកប្រចាំនៅកម្ពុជាបានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលការខិតខំប្រឹងប្រែងចាត់ការអនុវត្ដការងារយ៉ាងមានភាពកក់ក្ដៅបំផុតជូនដល់ភ្ញៀវទេសចរដែលកំពុងជួបបញ្ហាប្រឈមនៅលើសមុទ្រ អាចត្រលប់ទៅមាតុភូមិ និងប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការស្នើអន្ដរាគមន៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ និងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នា ក្នុងគ្រាមានអាសន្នបែបនេះ គឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ សម្តេចបញ្ជក់ថា បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយនោះ ដូច្នោះហើយទើប កម្ពុជាសម្រេចបើឲ្យនាវានេះចូលចតដើម្បីកិច្ចការងារមនុស្សធម៌។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង២២០០នាក់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ នេះ ដោយសុវត្ថិភាព បន្ទាប់ពីជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ព្រោះខ្លាចបញ្ហាឆ្លងជំងឺកូរ៉ូណា៕