មន្ទីរវប្បធម៌ខេត្តប៉ៃលិនបើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ឆ្នាំ២០២០ ក្រោមប្រធានបទ យុវជនដើម្បីសន្តិភាព

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

          ប៉ៃលិន ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន បើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ យុវជនដើម្បីសន្តិភាពក្នុថចលនាមហាជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្ររួមគ្នាថែរក្សាការពារ និងលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀម ទម្លាប់ប្រពៃណីដ៏ល្អផូរផង់ អភិរក្សនិងអភិវឌ្ឍន៍នូវបេតិកភណ្ឌវ​ប្បធម៌ជាតិប្រកបដោយនិរន្តរភាព។

ក្នុងពិធីបើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ឆ្នាំ២០២០

កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ នៅមន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្តប៉ៃលិន ដែលមានអ្នកចូលរួមប្រមាណ១៦០នាក់ លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងធ្វើជារៀងរាល់ឆ្នាំ ស្របពេលដែលសមិទ្ធិផលជាច្រើននៃវិស័យវប្បធម៌ត្រូវបានរីកចំរើន។

 លោកបន្តថា ខេត្តប៉ៃលិនពិតជាមានមោទនះភាពខ្លាំងណាស់ដែលតែងដណ្តើមបានពានរង្វាន់ឆ្នើមនិងកិត្តយសជូនខេត្តជារៀងរាល់ឆ្នាំ ទាំងមហោស្រពថ្នាក់ជាតិនិងចម្រៀងបុរាណ សម័យនានា ដែលនេះជាមោទនៈភាពមួយមិនអាចកាត់ថ្លៃបាននោះឡើយ។ 

លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖សម្រាប់មហោស្រពថ្នាក់ខេត្តនេះ អ្នកឈ្នះនឹងមានឱកាសទៅចូលរួម មហោស្រពថ្នាក់ជាតិនៅភ្នំពេញស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយ​ជាតិស្តីពីវិស័យវប្បធម៌ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

គួរបញ្ជាក់ថា៖ ក្នុងពិធីប្រារព្ធបើកមហោស្រពសិល្បះយុវជនថ្នាក់ខេត្ត លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ យុវជនដើម្បីសន្តិភាព មានការសម្តែងសិល្បះ ល្ខោនយីកេរឿង (ក្ងោកទេពនិម្មិត) ។ លោកជំទាវ ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្ត បានឧបត្ថមថវិកាដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បះចំនួន ១លានរៀលផងដែរ៕

អត្ថបទលោក កុល កាយណា