មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការកំទេចចោលគ្រាប់បែក ចំនួន 1គ្រាប់ ស្ថិតនៅភូមិកប់ស្រូវ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រីផល
MC: មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការកំទេចចោលគ្រាប់បែក ដែលរុករកឃើញចំនួន 1 គ្រាប់ ស្ថិតនៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មការដ្ឋាននានាគ្រប់ប្រភេទ ដែលប្រកបអាជីវកម្មស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ទំនប់កប់ស្រូវ ឱ្យដឹងថា នៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2020 វេលាម៉ោង 13 00 នាទី មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការកំទេចចោលគ្រាប់បែកដែលរកឃើញចំនួន 1 គ្រាប់ នៅការដ្ឋានស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅដែលបានទម្លាក់ដោយយន្តហោះMK81។
ប្រភពដដែលបានឲ្យដឹងថា ដោយពិនិត្យឃើញគ្រាប់បែកនេះ ស្ថិតក្នុងស្ថានភាព និងគុណភាពអាចបង្កផ្ទុះ ហើយមិនអាចដោះបន្សាប ដើម្បីដឹកជញ្ជូនចល័តបាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងកំទេចចោលនៅនឹងកន្លែងតែម្ដង ។ ដូច្នេះដើម្បីរក្សានូវសន្តិសុខ សុវត្តិភាព នោះរដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់អាជីវកម្ម ការដ្ឋានដែលប្រកបអាជីវកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ខាងលើត្រូវផ្អាកការដ្ឋានរបស់ខ្លួនជាបណ្ដោះអាសន្ន ហើយសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើកុំមានការភ្ញាក់ផ្អើល និងសម្លេងកំទេចចោលនេះ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលដ្ឋ៕