អ្នកឆ្លងវីរុសកូរ៉ូណាថ្មី ខូវីដ-១៩ នៅសិង្ហបុរីកើនដល់  ៥៨ ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អាជ្ញាធរប្រទេសសិង្ហបុរីបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ខូវីដ-១៩ ចំនួន ០៨នាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានឈ្មោះផ្លូវការថា COVID-19 នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៥៨នាក់។នេះតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ករណីឆ្លងថ្មីចំនួន៨នាក់បន្ថែមទៀតនេះគឺមានទំនាក់ទំនងជាមួយករណីមុនៗ។នៅក្នុងចំណោមអ្នកដែលបានឆ្លងទាំង៥៨នាក់នោះ មានអ្នកជំងឺ១៥នាក់បានជាសះស្បើយឡើងវិញ ប៉ុន្តែអ្នកជំងឺនៅសល់៤៣នាក់ទៀតកំពុងបន្តទទួលការព្យាបាល ខណៈមាន៧នាក់ស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរចិននៅព្រឹកថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១៥០០នាក់ ខណៈចំនួនអ្នកឆ្លងបានកើនជិតដល់ជាង៦០,០០០នាក់៕