ទីក្រុងអង់ការ៉ាបញ្ជួនកងទ័ពទៅតំបន់ Idlib ដើម្បីគ្រប់គ្រងតំបន់នោះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បាននិយាយថា ទីក្រុងអង់ការ៉ា​កំពុងបញ្ជូនកងទ័ពទៅកាន់តំបន់អ៊ីដលីប (Idlib) របស់ប្រទេសស៊ីរី ដើម្បីគ្រប់គ្រងតំបន់នោះ។

ទីភ្នាក់ងារ Anadolu បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «យើងកំពុងបញ្ជូនកងទ័ពបន្ថែមទៀតទៅតំបន់​អ៊ីដលីបដើម្បីរក្សាបទឈប់បាញ់គ្នា និងគ្រប់គ្រងតំបន់នោះ។ យើងនឹងប្រើកម្លាំងយោធាប្រឆាំងនឹងអ្នកដែលរំលោភបទឈប់បាញ់គ្នា»។

យោងទៅតាមលោក Akar បានឱ្យដឹងថា «ការឃ្លាំមើលរបស់តួកគី [នៅក្នុងតំបន់អ៊ីដលីប] នឹងបន្តដើរតួនាទីយ៉ាងសំខាន់​ក្នុងការធានាការគ្រប់គ្រងស្ថានការណ៍»។ លោកបានសង្កត់ធ្ងន់ថា​ «គោលដៅនៃការពង្រឹងវត្តមានរបស់យើងនៅក្នុងតំបន់អ៊ីដលីប គឺដើម្បីរក្សាបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍»។

ទីក្រុងអង់ការ៉ាបានបញ្ជូនកងទ័ពទៅកាន់ព្រំដែនរវាងប្រទេសតួកគី  និងស៊ីរី និងតំបន់ idlib របស់ប្រទេសស៊ីរីជារៀងរាល់ថ្ងៃក្នុង​រយៈពេលដប់ថ្ងៃកន្លងមកនេះ។ យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញក្នុងតំបន់បានឱ្យដឹងថា ចំនួនឧបករណ៍យោធាដែលមិនធ្លាប់​មានពីមុនមក ត្រូវបានដាក់ឱ្យដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

តួកគីកំពុងចាត់វិធានការទាំងនេះដោយសារតែស្ថានភាពនៅតំបន់កាន់តែយ៉ាប់យ៉ឺនទៅៗ។ រឿងនោះបានកើតឡើងបន្ទាប់ពី​យោធារុស្ស៊ី និងតួកគី បានប៉ុនប៉ងប្រកាសបទឈប់បាញ់គ្នាមួយ ប៉ុន្តែក្រុមភេរវករនៅតែបង្កើនការវាយប្រហាររបស់ពួកគេ។ ជាលទ្ធផល អ្នកជំនាញយោធារុស្ស៊ី និងតួកគីមួយចំនួនត្រូវបានសម្លាប់។ កងទ័ពស៊ីរីបានធ្វើការសងសឹកប្រឆាំងនឹងក្រុមជ្រុលនិយមនោះ ដោយបាន​ដណ្តើមកាន់កាប់ទីក្រុងសារ៉ាកគីប (Saraqib) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សារព័ត៌មាន Milliyet របស់ប្រទេសតួកគីបានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា ប៉ុស្តិ៍សង្កេតការណ៍តួកគីចំនួន ៣ ក្នុងចំណោម ១២ បានស្ថិតនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុង Damascus៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)