ក្រសួងពាណិជ្ជកម្ម ចាត់ទុកចិនជាទីផ្សារថ្មីដ៏ល្អក្នុងការនាំចេញស្រូវអង្ករពីកម្ពុជា

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ៖

ក្រសួងពាណិជ្ជកម្ម ចាត់ទុកប្រទេសចិនជាទីផ្សារថ្មីដ៏ល្អ ដែលជួយរួមចំណែកបង្កើនការនាំចេញស្រូវអង្ករពីកម្ពុជា ដើម្បីដោះស្រាយទីផ្សារ អង្ករនៅកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា
កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយភាគីចិន លើការនាំចេញអង្ករមប្រមាណ ៤០ម៉ឺនតោន នៅក្នុងឆ្នាំ២០១៩ ដែលធ្វើឲ្យកម្ពុជាកាន់តែមានលទ្ធភាពក្នុងការនាំចេញអង្ករបានច្រើន។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាសញ្ញាដ៏ល្អរបស់ប្រជាកសិករ ដើម្បីបង្កើន ឱកាសផលិតបានកាន់តែច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ពិសេសផលិតមិនសល់ ចោល។
សំឡេង «ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់ជាមួយភាគីចិន ស្តីពីការនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន សម្រាប់ឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០១៩ ការនាំចេញអង្ករទៅទីផ្សារចិនមានកំណើនប្រមាណ ២៤ ភាគរយ ។ ពេលដែលការនាំចេញអង្កររបស់ប្រទេសជិតខាងទៅកាន់ទីផ្សារប្រទេសចិន មានការធ្លាក់ចុះប្រមាណពី ៣០-៦០ ភាគរយ»។
ឯកឧត្តមបន្តថា ចំពោះប្រតិបត្តិករកម្ពុជាដែលនាំចេញអង្ករ ទៅកាន់ទីផ្សារ ប្រទេសចិន មកទល់ពេលនេះ មានការចូលរួមពីផ្នែកឯកជន ចំនួន២៦សហគ្រាសនាំចេញ ហើយថ្មីៗនេះមានសហគ្រាស ចំនួន ១៨ទៀត ត្រូវបានទទួលការអនុញ្ញាត នំាអង្ករចេញទៅកាន់ប្រទេសចិន ផងដែរ សរុបទំាងអស់ប្រមាណ ៤៤សហគ្រាស។
សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ក្នុងវិស័យស្រូវ-អង្ករ សម្រាប់ឆ្នាំ២០១៩ រួមមាន៖ការនាំចេញអង្ករជាផ្លូវការ មានចំនួនជាង ៦២ ម៉ឺនតោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។