វិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថាអ្នកទេសចរមានបញ្ហាសុខភាព២០នាក់នៅលើនាវាទេសចរណ៍ មិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មីនោះទេ

វិទ្យុជាតិកម្ពុជា៖
វិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញទៅលើវត្ថុវិភាគរបស់អ្នកទេសចរ២០នាក់ដែលមានបញ្ហាសុខ​ភាពនៅលើនា​វាទេសចរណ៍ Westerdam ដោយបានអះអាងថាមិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មី នោះទេ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលបានអោយដឹងថា អ្នកទាំងអស់នេះត្រូវបានយកសំណាកទៅពិនិត្យជាបន្ទាន់ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០។
អ្នកទេសចរមានបញ្ហាសុខភាព២០នាក់ដែលត្រូវបានពិនិត្យសំណាកនេះគឺមានស្រ្តី៩នាក់ បុរស១១នាក់ ។ចំពោះបញ្ហាសុខភាពរបស់អ្នកទេសចរចំនួន២០នាក់នេះគឺអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និងចុកពោះខុសធម្មតា ខណៈអ្នករួមដំណើរនៅនាវាទេសចរណ៍ Westerdamមានចំនួនជាង២ពាន់នាក់។
អ្នកទេសចរចំនួនជាង២ពាន់នាក់នៅលើនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយសម្តេចតេជោបានមើលឃើញថា នាវានេះរកទីសំចតមិនបានអស់រយៈពេលប្រមាណ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី៕