រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រគម្រោងអភិរក្សសត្វដំរីនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រ ចំពោះគម្រោងអភិរក្សសត្វដំរី ព្រៃនៅកម្ពុជាឲ្យមានចំនួនកើនឡើង តាមរយៈសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវតាដែលអាចបម្រើដល់វិស័យអេកូរទេសចរណ៍។

ក្នុងឱកាសទទួលជួបសំណេះសំណាល ជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវតា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវតា ដើម្បីជួយស្តារសត្វដំរីនៅកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានចាត់ទុកសកម្មភាពរបស់សមាគមអភិរក្សសត្វដំរី អៃរាវតា គឺជាស្មារតីគំរូមួយ ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជនៅកម្ពុជា។
លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមអភិរក្សសត្វដំរី អៃរាវតាបានគោរពសុំអនុសាសន៍ពីឯកឧត្តម រដ្ឋមន្ត្រី ដែលជាប្រធានក្រុមកិត្តិយសរបស់សមាគម ដើម្បីយកជាទុនក្នុងការអភិវឌ្ឍ និងពង្រីកការងារគាំពារសត្វដំរីនៅកម្ពុជាឲ្យបានរលូនដើរទៅមុខ។
លោកស្រី ក៏បានបញ្ជាក់ថា សមាគមនេះមិនត្រឹមតែមានសកម្មភាពក្នុងការអភិរក្សសត្វដំរី ប៉ុណ្ណោះទេ គឺមានការចូលរួមការពារ និងអភិរក្សបរិស្ថានតាមរយៈការបង្កើតឲ្យមាន តំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ក្នុងដែនអភិរក្សរបស់ខ្លួនផងដែរ។ លោកស្រីប្រធានសមាគមអភិរក្សដំរីអៃរាវតាបានបញ្ជាក់ដែរថា សមាគមន៍នឹងខិតខំបន្ថែមទៀតក្នុងការស្វែងរកការចូលរួមពីដៃគូនានា ហើយនឹងបង្កើតកម្មវិធី រាត្រីសប្បុរសធម៌ ប្រមូលមូលនិធិ ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សសត្វដំរីបន្តទៀត។ លោកស្រី បានអៈអាងថា កម្មវិធីរាត្រីស្រមោលសអាចនឹងធ្វើឡើងនៅដើមខែឧសភាមុខនេះ។
សំឡេង៖កម្មវិធីរាត្រីសមោសនឹងយើងមានកម្មវិធីច្រើនជាមួយគឺយើងមានការបង្ហាញម៉ូតដែលយើងប្រើក្រណាត់ដែលជាសិប្បកម្មជនជាតិដើមភាគតិច និងក្រណាត់សូត្រខ្មែរយើងផងដែរ ហើយយើងមានការបង្ហាញនូវបុក្កតោដែលបង្ហាញពីរូបសត្វ បង្ហាញពីទិដ្ឋភាពសត្វ បរិស្ថានទាក់ទងវប្បធម៌ខ្មែរបុរាណ។យើងមានការលក់ដេញថ្លៃនៅស្នាដៃសិល្បៈទាំងគំនូរវិចិត្រករល្បីល្បីដែលលោកតែងតែជួយគាំទ្រនិងគូសដើម្បីឱ្យយើងមានការលក់ដេញថ្លៃហើយយើងមានការផ្ដល់ភោជនីយដ្ឋានជូនដល់ភ្ញៀវនៅមានតន្ត្រីកម្សាន្តផងដែរហើយនិងមានស្តង់ឲ្យភ្ញៀវកិត្តិយសឬក៏លោកជាអ្នកគាំទ្រអាចដាក់ផលិតផលឲ្យបានបង្ហាញការជូនដល់ភ្ញៀវដែលចូលរួមបានជាវនឹងបានស្គាល់។
សូមបញ្ជាក់ថា កិច្ចគាំពារសត្វដំរី វាបានផ្ដល់សារ:សំខាន់ណាស់ មនុស្សទើប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចង់ឲ្យមានការចូលរួមអភិរក្សទាំងអស់គ្នា៕