UNSC ពិភាក្សាអំពីស្ថានភាពរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចពិភាក្សាដេញដោលគ្នាអំពី ស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងសំណួររបស់ប៉ាឡេស្ទីនដែលបានចោទសួរកាលពីថ្ងៃទី ១១ ខែកុម្ភៈ ផងដែរ ដោយផ្តោតទៅលើការវិវឌ្ឍ​ថ្មីៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ខ្លួន។

នៅក្នុងកិច្ចពិភាក្សានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអ្នកសម្របសម្រួលពិសេស​របស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាលោក Nickolay Mladenov បានសម្តែងការព្រួយបារម្ភអំពីភាព​តានតឹងនៅមជ្ឈិមបូព៌ា។

អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា ក្នុងបរិបទបែបនេះ ដំណោះស្រាយនយោបាយចំពោះបញ្ហាអ៊ីស្រាអែល – ប៉ាឡេស្ទីន គឺជាគន្លឹះសម្រាប់សន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ ដោយលោកបានកត់សម្គាល់ថា អង្គការសហប្រជាជាតិប្តេជ្ញា​គាំទ្រប៉ាឡេស្ទីន និងអ៊ីស្រាអែល ក្នុងការដោះស្រាយជម្លោះដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ​និងកិច្ចព្រមព្រៀងទ្វេភាគី។

អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយថា គោលដៅសន្តិភាពប្រកប ដោយចីរភាពសម្រាប់តំបន់​នេះ អាចធ្វើទៅបានសម្រាប់តែដំណោះស្រាយរវាងរដ្ឋទាំងពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុណ្ណោះ ដោយរស់នៅរៀងៗខ្លួនជាមួយ​នឹងសន្តិភាព និងសន្តិសុខ ដោយឈរលើមូលដ្ឋានខ្សែបន្ទាត់ពីមុនឆ្នាំ ដែលមានទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់រដ្ឋទាំងពីរ។

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានច្រានចោលផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដោយពណ៌នាថា វាជាជំហានឯកតោភាគីដែលរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព ព្រមទាំងសិទ្ធិក្នុងការប្តេជ្ញាចិត្តរបស់ប្រជាជនប៉ាឡេស្ទីន។ លោកបានអំពាវនាវឱ្យ UNSC និង Quartet នៅមជ្ឈិមបូព៌ា (សហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ) រៀបចំសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅមជ្ឈិមបូព៌ា ស្របពេលដែលជំរុញឱ្យអនុវត្តន៍នូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ UNSC និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកតំណាងអចិន្ត្រៃយ៍វៀតណាមឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានអះអាងនូវការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះការតស៊ូដោយស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន សម្រាប់សិទ្ធិ​ដែលមិនអាចទទួលយកបានរបស់ពួកគេ និងដំណោះស្រាយរបស់រដ្ឋពីរ រួមទាំងការបង្កើតរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់​ប៉ាឡេស្ទីនជាមួយ ព្រំដែនដែលមានចែងនៅក្នុងដំណោះស្រាយដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដែលរស់នៅក្បែរគ្នាជាមួយរដ្ឋ​អ៊ីស្រាអែលដោយរួមរស់ដោយសន្តិភាព សន្តិសុខ និងការទទួលស្គាល់គ្នាទៅវិញទៅមក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)