UNSC អនុម័តសេចក្តីសម្រេចស្តីពី លីប៊ី ដោយគ្មានការឯកភាពជាឯកឆន្ទ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — បើតាមសម្តីរបស់លោក Vasily Nebenzya ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហ​ប្រជាជាតិ​ដែលបាននិយាយកាលពីថ្ងៃពុធបានឱ្យដឹងថា ប្រទេសរុស្ស៊ីមិនគាំទ្រចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ (UNSC) ស្តីពីលីប៊ី​ទេ ពីព្រោះប្រជាជនលីប៊ីខ្លួនឯងមិនបានត្រៀមខ្លួនអនុវត្តន៍បទប្បញ្ញត្តិរបស់ខ្លួននៅឡើយ។

ប្រទេសរុស្ស៊ី គឺជាប្រទេសតែមួយគត់ដែលបានអវត្តមានក្នុងពេលបោះឆ្នោត ប៉ុន្តែមិនបានប្រើសិទ្ធិ វេតូចំពោះឯកសារនេះទេ។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៤ ផ្សេងទៀតបានគាំទ្រ។

យោងតាមលោក Nebenzya បានឱ្យដឹងថា ប្រទេសរុស្ស៊ីមិនបានគាំទ្រសេចក្តីសម្រេចនោះទេ ពីព្រោះបច្ចុប្បន្ននេះ «មិនទាន់មានការយល់ដឹងច្បាស់ថា គ្រប់ភាគីទាំងអស់នៃជម្លោះនៅលីប៊ី បានត្រៀមខ្លួនអនុវត្តន៍សេចក្តីសម្រេចនៅឡើយ ឬយ៉ាងណា»។

លោកបាននិយាយថា «យើងទទួលបានសេចក្តីសម្រេចមួយស្តីពីលីប៊ីដែលគ្មានការឯកភាពគ្នា។ គ្មានអ្វីដែលយើងអាចនិយាយ​បានទេ លើកលែងតែការសោកស្ដាយ និងការខកចិត្តយ៉ាងខ្លាំង»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)