វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងហ្សឺណែវ ក្នុងអង្គការពាណិជ្ជកម្មពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២០ អ្នកតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងហ្សឺណែវ (ACG) ក្នុងអង្គការ​ពាណិជ្ជកម្មពិភពលោក (WTO) ដែលជាការដឹកនាំកិច្ចប្រជុំជាលើកដំបូងក្នុងនាមលោកស្រីជាប្រធានថ្មីនៃគណៈកម្មាធិការនេះ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូនៃប្រទេសជាសមាជិកអាស៊ាននៅទីក្រុងហ្សឺណែវបានឈានដល់កិច្ចព្រមព្រៀង ស្តីពីជំហាននៃ​ការរៀបចំសម្រាប់ការងារដែលទាក់ទងនឹងអង្គការពាណិជ្ជកម្មពិភពលោកនាពេលខាងមុខ រួមទាំងការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍​រួមអាស៊ាន ដែលនឹងត្រូវចេញនៅឯកិច្ចប្រជុំ        ពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនាពេលខាងមុខនេះ ក្នុងការពន្លឿនកិច្ចចរចាស្តីពីការឧបត្ថម្ភធនជលផល នឹងពង្រឹងកិច្ចសន្ទនាជាមួយដៃគូអាស៊ាន ស្តីពីកំណែទម្រង់អង្គការពាណិជ្ជកម្ម​ពិភពលោក។

កិច្ចប្រជុំរបស់ ACG នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានផ្តល់នូវវេទិកាមួយសម្រាប់រដ្ឋជាសមាជិកអាស៊ានដើម្បីចែក​រំលែកទស្សនៈ និងព័ត៌មាន ជំរុញកិច្ចសម្របសម្រួលរបស់ពួកគេទៅលើការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក នឹងចូលរួមចំណែក​ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងប្លុកអាស៊ាន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)