សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន គ្រោងបរិច្ចាគឈាម នៅថ្ងៃទី២០ កុម្ភៈ ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់”ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០  ៖

សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ត្រៀមចូលរួមបរិច្ចាគឈាម នៅថ្ងៃទី២០ ខែកុម្ភៈ ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ និងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីផ្តល់ឱកាសដល់យុវជននៃក្រសួងព័ត៌មាន បានធ្វើសកម្មភាពមនុស្សធម៌តាម រយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តមិនគិតកម្រៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ ចាប់ផ្តើមពីម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោង៤និង៣០នាទីល្ងាច នៅក្នុងបរិវេណទីស្ដីការក្រសួងព័ត៌មាន។
ព្រឹត្តិការណ៍មនុស្សធម៌នេះ ក្នុងន័យចែករំលែកក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក តាមរយៈការបរិច្ចាគឈាម និងសេចក្តីអាណិតអាសូរដល់ជនរងគ្រោះទាំងអស់ ដែលត្រូវការឈាមសម្រាប់ការព្យាបាល និងជួយសង្រ្គោះជីវិតនៅតាមមន្ទីរពេទ្យនានា ។
សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន សូមអំពាវនាវ ដល់អគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងសូមចូលរួមផ្សព្វផ្សាយនិងបំផុសចលនាយុវជននៅតាមអគ្គនាយកដ្ឋានទាំង៥ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលមានបំណងចូលរួមក្នុងសកម្មភាពនេះ ឲ្យបានច្រើនកុះករហើយដោយស្ម័គ្រចិត្តចែករំលែកក្តីស្រឡាញ់តាមរយៈការបរិច្ចាគឈាម និងជំរុញចលនានេះអោយមានប្រសិទ្ធភាពខ្ពស់តាមការគួរ ៕