រាជរដ្ឋាភិបាលពង្រឹងការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ៖

រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្ស នៅ កម្ពុជា សម្រាប់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី «ការអនុវត្តយន្តការរបាយកាណ៍សិទ្ធិមនុស្សនៅកម្ពុជា សម្រាប់អង្គការសហប្រជាជាតិ» សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការចំនួន ៥ចំណុច រួមមានទី ១៖ ការងារសិទ្ធិមនុស្សជាការងារអន្តរវិសយ ទី២៖ គ្រប់ក្រសួង ស្ថាបន រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការសហការឲ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទី៣៖ គ្រប់ក្រសួង ស្ថាបន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលាទៅនឹងរបាយការណ៍ទាំងឡាយ ពាក់ពន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិ ទី ៤៖ ក្រសួង ស្ថាបនពាក់ពន្ធ ត្រូវសហការរៀបចំបញ្ជូនតំណាងចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្ស តាមសន្ធិសញ្ញានីមួយៗ នៅអង្គការសហប្រជាជាតិ តាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ និងទី៥៖ ទីស្តីការគណៈរដ្ឋមន្ត្រីស្នើសុំថវិកាក្នុងកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនប្រតិភូតំណាងនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅការពាររបាយការណ៍សិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិ សម្រាប់ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូតំណាងក្រសួង ស្ថាបនដែលចាំបាច់ តាមសំណើរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។
សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលបានជំរុញឲ្យគ្រប់ក្រសួង ស្ថាបន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តតាមសារាចរនេះ ឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕