ក្រសួង​សេដ្ឋកិច្ចបើកសិក្ខាសាលារៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់​អនុវត្តន៍យុទ្ធសាស្រ្ត​នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០–ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់​អនុវត្តន៍យុទ្ធសាស្រ្ត​នៃការកែទម្រ​ង់​ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥កាលពី​​ថ្ងៃ​ពុធ​ ៤រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​ ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០។

ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រ​សា​ស​​ន៍​ថា សិក្ខាសាលានេះធ្វើឡើងក្នុង​គោល​​បំណង ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុ​ចូ​ល​ប​ន្ថែ​​​មទៀ​ត សំដៅធានាឱ្យការរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់​អនុវត្តន៍យុទ្ធ សា​ស្រ្ត​នៃការកែ​ទ​ម្រ​ង់ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈឆ្នាំ២០១៩​-២០២៥ មានភាពគ្រប់​ជ្រុងជ្រោយអាចដាក់ឱ្យអនុវត្តន៍បានដោយរលូន។

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រ​ព័​ន្ធ​លទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ និងបានប្រកាសដាក់ឱ្យអនុវត្តន៍រួមគ្នាជាមួយយុទ្ធសាស្ត្រចំនួន ០២ផ្សេងទៀត រួមមាន៖ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្ត្រកៀរ គរចំណូលឆ្នាំ២០១៩-២០២៣ ដែលបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់​កាលទី៣ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យករដ្ឋមន្ត្រី រដ្ឋ  មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការរៀបចំសេចក្ដីព្រាងផែនការស​កម្មភាពនៃកំណែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០​១​​៩-២០២៥ គឺផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តនៃការកែទ​ម្រ​ង់​ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥។

ឯកឧត្តមអនុរដ្ឋលេខាធិការ ហ៊ីវ សុវណ្ណ ក៏បានសម្ដែងនូវការសាទរចំពោះការសហការ​របស់​អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំសិក្ខាសា​លា​នេះ។

ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណង និងទិសដៅ​​យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ គឺចាំបាច់តម្រូវឱ្យមា​ន​​ការរៀបចំផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានរៀបចំសេចក្ដីព្រាងផែនការសកម្មភាពនេះ ដោយផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥ ដោយបំបែកជាសកម្មភាពលម្អិត និងបានកំណត់ច្បាស់ពីក្របខ័ណ្ឌ ពេលវេលាទៅតាមត្រីមាសនីមួយៗ នៃឆ្នាំ ព្រមទាំងបានកំណត់ច្បាស់លាស់ពីអង្គភាព ស្ថាប័ន ទទួលខុសត្រូវលើការអនុវត្តសកម្មភាពកែទម្រង់នីមួយៗ សម្រាប់អនុវត្តន៍រយៈពេ​ល​៧ឆ្នាំគឺ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។

សេចក្ដីព្រាងឯកសារផែនការសកម្មភាពនេះ ត្រូវបានរៀបចំចេញជា ៥ផ្នែក រួមមាន៖ ១-ការរៀបចំ និងការអនុម័តផែនការលទ្ធកម្ម ។ ២-ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។ ៣-ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម។ ៤-ការពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយបណ្តឹងតវ៉ា ។ ៥-ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដែលរួមមាន៖ ការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ ការរៀបចំសៀវភៅណែនាំស្តីពីលទ្ធកម្មសាធារណៈ ការសិក្សាអំពីការប្រើប្រាស់លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច និងការកសាងសមត្ថភាពជាដើម។

ឯកឧត្តមបានលើកទឹកចិត្តឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម នៃក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈ រដ្ឋបាលរាជធានី ខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ក្នុងសិក្ខាសាលាផ្តល់យោបល់ ក៏ដូចជាធាតុចូលបន្ថែម ដើម្បីធានាឱ្យការរៀបចំសេចក្តីព្រាងផែន ការស​ក​ម្ម​ភាពសម្រាប់​អនុវត្តន៍យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈឆ្នាំ២០១៩​-២០២៥ កា​ន់​​តែមានភាពគ្រប់​ជ្រុងជ្រោយអាចដាក់ឱ្យអនុវត្តន៍បានដោយរលូន។

សូមបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រ​ម​ទាំងមានការ​ចូលរួមពីតំណាងគណៈកម្មាធិការ​លទ្ធកម្ម​និង​ប្រធាន​​អង្គភាពលទ្ធកម្មពីគ្រប់ក្រ​សួ​​ង ស្ថាប័ន រាជធានី ខេត្ត សហគ្រាស​​សាធារ​ណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល តំណាងដៃ​គូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងតំណាងអគ្គនាយកដ្ឋានពា​ក់​​ព័ន្ធនៃ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​សរុបចំនួន ៣៨៥នាក់៕

ដោយគង់ សិរីរ័ត្ន