អាជ្ញាធរស្រុកសេសាន បើកការប្រកួតប្រជែងបង្កើតសួនបន្លែ តាមគ្រួសារ ដើម្បីបានរង្វាន់លើកទឹកទឹកចិត្ត

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹម.ហឿន ខេត្តស្ទឹងត្រែង  ៖

អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បំផុសចលនាប្រជាពលរដ្ឋ បង្កើតសួនបន្លែជាលក្ខណៈគ្រួសារ ក្នុងការស្វែងរក កសិករណាអនុវត្តបានល្អជាងគេ ដើម្បីអាជ្ញាធរនិងអង្គការដៃគូផ្ដល់ជូនរង្វាន់លើកទឹកទឹកចិត្តនៅឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះសិក្សាពីបច្ចេកទេសដាំបន្លែនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង លោក សុខ រេន អភិបាលរងស្រុកនេះបានបញ្ជាក់ថា៖ នៅឆ្នាំ២០២០ នេះ គម្រោងឆេនសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកឱ្យមានការប្រកួតប្រជែង ដាំបន្លែ សរីរាង្គដោយជំរុញឱ្យកសិករនៅតាមបណ្តាឃុំផ្សេងៗទៀត បង្កើតសួនបន្លែឱ្យបានគ្រប់គ្នា។ លោកថា៖ការផលិតបន្លែចំរុះបែបធម្មជាតិ កំពុងទទួលបានការគាំទ្រពីទីផ្សារនៅក្នុងខេត្តដែលបានជំរុញឲ្យសហគមន៍និងកសិករដាំបន្លែកាន់តែបង្កើនផែនការដាំដុះបន្ថែមទៀត។
លោកឌឿ ឌីណា មន្ត្រីបច្ចេកទេសកសិកម្មសហការពីគម្រោងឆេនបានបញ្ជាក់ថា៖បន្លែចំរុះដែលកសិករនៅមូលដ្ឋានក្នុងស្រុកសេសាន បច្ចុប្បន្នបាននាំចេញទៅលក់នៅទីផ្សារចំនួន៣ក្នុងខេត្ត និងមានអ្នកនាំទៅលក់បន្ត ដែលធ្វើឲ្យសហគមន៍ត្រូវការពង្រីកផ្ទៃដីដាំដុះបន្លែបានច្រើនជាងឆ្នាំកន្លងមក។ លោកបន្តថា៖ សហគមន៍កំពុងបង្កើនការផលិត ខណៈមានការដាំដុះបន្លែចំនួន១៧មុខដែលមានប្រភេទបន្លែស្លឹកចំនួន១០មុខនិងប្រភេទបន្លែផ្លែចំនួន៧មុខដូចជា៖ស្ពៃ សាឡាដ៍- ខាត់ណា- ត្រកួន -ស្កឹកគ្រៃ- ម្ទេស-សណ្តែក -ននោង -ត្រប់- ត្រឡាច-ម្រះ-ពោត -ល្ហុង- ឆាយថាវ -ជាដើម។ល។
លោក ស្រី ស៊ីន ចិន្តា កសិករដាំបន្លែនៅឃុំកំភុនបានសាទរចំពោះ ការបញ្ជាទិញបន្លែសរីរាង្គ ពីអតិថិជនទៅទីផ្សារ ព្រោះបាន មកប្រមូលទិញបន្លែជាប្រចាំ ធ្វើឱ្យកសិករសប្បាយចិត្តក្នុងការខិតខំប្រឹងប្រែងផលិតបន្លែបានកាន់តែច្រើនដើម្បីបំពេញបន្ថែមទៅតាមការបញ្ជាទិញ។ លោកស្រីបន្តថា៖ ការនិយមបរិភោគបន្លែសរីរាង្គនេះ ស្របពេលប្រជាពលរដ្ឋកាន់តែយល់អំពីគ្រោះថ្នាក់ចំពោះសុខភាពដែលបណ្តាលមកពីការទទួលទានបន្លែដាំដុះដោយប្រើជីគីមីនិងថ្នាំពុលកសិកម្ម។
សូមបញ្ចាក់ថា៖នៅខេត្តស្ទឹងត្រែងមានក្រុមកសិករជាង៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកទៅផ្គត់ផ្គង់នៅទីផ្សារស្ទឹងត្រែង។ប៉ន្តែការផ្គត់ផ្គង់នេះមិនទាន់បានឆ្លើយតបទចំពោះតម្រូវការ ទីផ្សារនៅឡើយទេ។ដូច្នេះទើបអាជ្ញាធរស្រុកសេសានបានបំផុស ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបង្កើតសួនបន្លែជាលក្ខណៈគ្រួសារបន្ថែមទៀតដើម្បីកាត់បន្ថយការចំណាយទៅលើកការទិញបន្លែនាំចូល៕