និវត្តជននិងអតីតមន្រ្តីរាជការស៊ីវិលអាចទៅបើកប្រាក់ប្រចាំខែកុម្ភះលើកទី១នៅថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២០

អត្ថបទ៖ ស្រីផល
MC៖ បេឡាជាតិសន្តិសុខសង្គម បានប្រកាសឲ្យនិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល អាចទៅបើកប្រាក់ប្រចាំខែកុម្ភះលើកទី១ នៅថ្ងៃទី១៤ខែកុម្ភះខាងមុខនេះ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

យោងតាមសេចក្តីប្រកាសព៍ត៌មាន របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលចូលនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅរាជធានីភ្នំពេញ ត្រួវបើកប្រាក់គោលនយោបាយ សោធនសម្រាប់ពីរសប្តាហ៍ លើកទី១ក្នុងខែកុម្ភះឆ្នាំ២០២០ អាចអញ្ជើញទៅបើកបានចាប់ពីថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០២០ តទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពនិវត្តជន របស់សពបាត់បង់វិជ្ជាជីវៈ និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពជនបាត់បង់សម្បទា និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំ ដល់គេហដ្ឋានឬតាមសាលាសាលានៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងករណីនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺមិនអាចទៅបើកប្រាក់សោធននៅធនាគារបានឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែត្រូវជូនដំណឹងជាបន្ទាន់មកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីធានាឲ្យការបើកប្រាក់នេះបានប្រព្រឹត្តទៅដោយរលូន៕