ជប៉ុនរកឃើញអ្នកផ្ទុកវីរុស Covid-19 ចំនួន៣៩នាក់ទៀតនៅលើនាវាទេសចរណ៍ខ្នាតយក្

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

          អាជ្ញាធរសុខាភិបាលប្រទេសជប៉ុនបានធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុស Covid-19 ចំនួន៣៩នាក់បន្ថែមទៀតដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ដាយមិនដ៍ព្រីនសេស (Diamond Princess)។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។

រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានលើកឡើងថា ក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញអ្នកឆ្លងវីរុស កូរ៉ូណាថ្មី ឬ Covid-19 ចំនួន ៣៩នាក់បន្ថែមទៀតក្នុងចំណោមមនុស្ស៥៣នាក់ដែលបានធ្វើតេស្តសុខភាព ដែលក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានម្នាក់ជាមន្ត្រីជប៉ុន។ដូច្នេះ ចំនួនអ្នកឆ្លងសរុបនៅលើនាវាទេសចរណ៍នេះបានកើនដល់ ១៧៤នាក់ ខណៈអ្នកជំងឺ ០៤នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលដោយមានការយកចិត្តទុកដាក់បំផុតនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា នាវាទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) មានផ្ទុកអ្នកដំ​ណើរ​ប្រមាណ ៣៧០០ នាក់ត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន​កាលពីសប្តាហ៍មុនក្រោយពីរកឃើញថាមានបុរសវ័យ ៨០ ឆ្នាំម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី៕ប្រភព៖សារព័ត៌មាន Channel News Asia