ក្រសួងព័ត៌មាន ប្រជុំផែនការ ការងារវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១២ កុម្ភៈ ២០២០
MC៖ ក្រសួងព័ត៌មាន ប្រជុំផែនការ ការងារវឌ្ឍនភាពនៃការអនុវត្តន៍យុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ ដើម្បីពន្លឿននូវរបាយការណ៍ ស្តីពីសកម្មភាពការងារដែល ក្រសួងព័ត៌មាន សម្រេចបានក្នុងរយៈពេលកន្លងនេះ ដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលនា ពេលខាងនេះ។
នៅក្នុងកិច្ចប្រជុំផែនការ ការងារ វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីធ្វើការ ពិនិត្យលើប្រសិទ្ធិភាពការងារដែលគ្រប់ផ្នែកគ្រប់ជំនាញ ដែលសម្រេចបានក្នុងរយៈពេលកន្លង មកនេះ ពិសេសច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន ថាតើទទួលចូលបានប៉ុន្មាន ហើយ មានការ តវ៉ា ប្តឹងផ្តល់ពីភាពយឺតយ៉ាវ អ្វីខ្លះដែរ?
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងដែរថា ការងារនៃផែនការនេះ មិនមែនសំដៅតែលើបញ្ហា ថវិកា តែមួយមុខនោះទេ គឺត្រូវបង្កើតជាក្រុមការងារមួយដែល សរសេររបាយរណ៍ការងាររួម ដោយទទួលបានពីបណ្តាអគ្គនាយកដ្ឋានទាំង៥ ក្នុងនោះ ត្រូវសរសេរ ជាសំខាន់ផ្តោតលើតែបញ្ហា តួលេខ នៃចំនួនច្បាស់លាស់ តាំងពីចំនួន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងប្រពន្ធ័ផ្សព្វផ្សាយនានា នៅកម្ពុជា នាពេលបច្ចុប្បន្ន ។ ជាមួយនេះក៏ត្រូវពិនិត្យ ចំនួនការផ្សាយរឿងខ្មែរ ដែលបានចាក់ បញ្ជាំងនៅតាមស្ថានីយ៍ ទូរទស្សន៍ ក្នុងស្រុកទាំងអស់ មានចំនួនប៉ុន្មានរឿង ហើយរឿងថ្មីមាន ប៉ុន្មានរឿង គិតចាប់តាំងពីឆ្នាំ ២០១៨មក។ ជាមួយនេះក៏ត្រូវធ្វើការរំលេច អំពី APP ក្រសួង ព័ត៌មាន ដែលបានធ្វើការផ្សាយគ្រប់ស្ថានីយទូរទស្សន៍ និង ស្ថានីយ៍វិទ្យុជាច្រើនទៀត រួមទាំង ព័ត៌មាន និងដំណឹងសំខាន់ជាច្រើនទៀត បានឆាប់រហ័ស ដែលអាចបើកមើលបាននៅលើ ទូរសព្ទស្មាតហ្វូន។ អ្វីដែលសំខាន់ជាងនេះ ក៏ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ អំពីគម្រោងធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយ ពីប្រពន្ធ័ អាណាឡូក ទៅជាឌីធីថល ដោយក្នុងនោះ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ត្រូវបំបែកចេញជា៣ប៉ុស្តិ៍ ក្នុងចំណោម ប៉ុស្តិ៍ទូរទស្សន៍ឌីជីថល នេះមានចំនួន ជាង៣០ប៉ុស្តិ៍ ដែលអាចឲ្យស្ថានីយ៍ទូរទស្សន៍ ឯកជន ចូលរួម បំពាក់ប្រពន្ធ័ផ្សាយ នៅតាមបង្គោលអង់តែន ចំនួន២៨ចំណុច ដែលអាចផ្សាយគ្របដណ្តប់ ទូទាំងប្រទេស ១០០ ភាគរយ ក្រៅពីផ្សាយទៅក្រៅប្រទេស។
សូមបញ្ជាក់ថា របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ ក្រសួងព័ត៌មាន គ្រោង ដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល នាកំឡុងខែមីនា ខាងមុខនេះ ហើយនឹងមានដាក់បញ្ជូលនូវ ដំណើរការងាររៀបចំសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលគ្រោងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០២០នេះ នឹងបន្តធ្វើ វិសោធនកម្ម ច្បាប់នៃរបបសារព័ត៌មាន ឲ្យបានកាន់តែស៊ីជម្រៅ និងល្អបន្ថែមទៀត ៕