ទុនក្នុងគម្រោងវិនិយោគជប៉ុននៅកម្ពុជា កើនដល់ទឹកប្រាក់ជិត៣ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី

MC: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គម្រោងវិនិយោគជប៉ុននៅកម្ពុជាសរុប១៤៣គម្រោង ក្នុងទុនវិនិយោគ២.៧៨៥លានដុល្លារអាមេរិក ត្រូវបានអនុម័តជាស្ថាពរ។
ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុននៅកម្ពុជានេះ ភាគច្រើនក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម។
ថ្លែងក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម បានចាត់ទុកសកម្មភាព
នៃគម្រោងវិនិយោគទាំនេះថា បានផ្ដល់ឱកាសដល់កម្ពុជាធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ឯកឧត្តម បានស្នើដល់អ្នកវិនិយោគនៅកម្ពុជាទាំង បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកម្មករ និយោជិត ដោយដាក់ចេញ និងអនុវត្តជាប្រចាំនូវវិធានការបង្ការវីរុសផ្លូវដង្ហើមថ្មី(វីរុសកូរ៉ូណា) ក្នុងទីតាំងផលិតកម្មរបស់ខ្លួន ព្រមទាំងខិតខំធ្វើយ៉ាងណារក្សាប្រក្រតីភាពនៃខ្សែច្រវាក់ផលិតកម្ម ដើម្បីធានានិរន្តរភាពនៃការងាររបស់កម្មករ និយោជិត និងការ បង្កើនប្រាក់ចំណូលអាជីវកម្មរបស់អ្នកវិនិយោគផ្ទាល់៕