មកដល់ពេលនេះវិស័យទេសចរណ៍កម្ពុជានៅតែគ្រប់គ្រងបានល្អបើទោះបីជាពិភពលោកមានការផ្ទុះជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក៏ដោយ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
MC៖ ក្រសួងទេសចរណ៍ប្រកាសថាមកដល់ពេលនេះ វិស័យទេសចរណ៍កម្ពុជា នៅតែគ្រប់គ្រង​បានល្អបើទោះ​បីជាមាន​ការផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក៏ដោយពោលគឺកម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព។
ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ“វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១”នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងតែជួបប្រទះនូវបញ្ហាវិបត្តិនានា​និងការផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក៏ដោយក៏កម្ពុជានៅតែជាគោលដទេសចរណ៍ដែលមានសុខ​សុវត្ថិភាពដោយធានាបាននូវការការពារនិងគ្រប់គ្រងជំងឺនេះដោយហ្មត់ចត់ជូនទេសចរនិងប្រជាជនគ្រប់រូបដែលរហូតមកដល់ពេលនេះកម្ពុជារកឃើញមានអ្នកឆ្លងជម្ងឺនេះតែចំនួន ១ករណីប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ដោយភាពជឿជាក់ថា ការគំរាមកំហែងនៃមេរោគជំងឺឆ្លងកូរ៉ូណាវីរុសនៅកម្ពុជា គឺស្ថិតក្រោម​ការគ្រប់គ្រង​បានល្អ។ គ្រប់គោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមានសកម្មភាពរស់រវើក ។ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិកទេសចរណ៍ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនកិច្ចសហការ​គ្នាក្នុងការទ្រទ្រង់វិស័យទេសចរណ៍ទប់ទល់ដោះស្រាយ និងសម្រាលការលំបាកនានា។

ជាមួយគ្នានោះក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដូចជំរុញឲ្យភាគីពាក់ព័ន្ធសហការជាមួយក្រសួងទេសចរណ៍ ជំរុញទេសចរអន្តរជាតិឲ្យមកកំសាន្តនៅកម្ពុជា ជាពិសេស ទេសចរមកពីប្រទេសជិតខាង ,ជំរុញឲ្យស្ថាប័នពាក់​​ព័ន្ធសម្រួលការធ្វើដំណើររបស់ទេសចរឲ្យកាន់តែងាយស្រួលជាពិសេសតាមច្រកអន្តរជាតិនានា ដោយកាត់បន្ថយ​របាំងមិនចាំបាច់ ។

ឯកឧត្តមស្នើឲ្យភាគីពាក់ព័ន្ធសហការជាមួយក្រសួងទេសចរណ៍ ជំរុញទេសចរក្នុងស្រុកឲ្យកាន់​តែខ្លាំងដើម្បីបង្កើនភាពរឹងមាំនៃវិស័យទេសចរណ៍កម្ពុជា ,ស្នើឲ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍​​កាត់បន្ថយថ្លៃកញ្ចប់ទស្សនកិច្ចជូនទេសចរជាតិ និងអន្តរជាតិ ,ជំរុញការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំរុញការផលិតស្ប៉តវីដេអូ និងយុទ្ធនាការអប់រំ បង្ការ ទប់ស្កាត់ និងចាត់វិធានការដោះស្រាយបញ្ហាវីរុសកូរ៉ូណាដោយសមស្រប ស្នើឱ្យបុគ្គលិក និងម្ចាស់អាជីវកម្មត្រូវយោគយល់គ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយ បញ្ហាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕