ក្រសួងព័ត៌មាន បង្កើនវិធានការលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានវ័យក្មេង

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
MC៖ក្រសួងព័ត៌មានបានបង្កើនវិធានការលើកកម្ពស់សមត្ថភាពរបស់អ្នកសារព័ត៌មានវ័យក្មេង ដើម្បីធានាឱ្យពួកគេកាន់តែមានចំណេះទូលំទូលាយ នឹងការបំពេញការងារប្រកបដោយវិជ្ជាជីវ។
ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងព័ត៌មាន បានដាក់ផែនការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេងឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតទៅលើជំនាញព័ត៌មានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ព័ត៌មានអន្ដជាតិ និងផ្នែកច្បាប់ជាដើម។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នៅថ្ងៃទី១២ ខែកុម្ភៈ នៅទីស្ដីការក្រសួង ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលអ្នកសារព័ត៌មានវ័យក្មេងនេះ ដើម្បីបង្កើនសមត្ថភាពអ្នកសារព័ត៌មានអោយមានការយល់ដឹងខ្ពស់ ដែលងាយស្រួលក្នុងសរសេរព័ត៌មានព្រឹត្ដិការណ៍ធំៗទាំងក្នុងស្រុក និងក្រៅស្រុក ។ ជាពិសេស អភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានជំនាញវិជ្ជាជីវៈបន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានណែនាំឲ្យ អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈ និងក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានគ្រប់ព្រឹត្ដិការណ៍ច្បាស់លាស់ ហើយមិនមែនគ្រាន់តែថតរូបយកទៅផ្សព្វផ្សាយនោះទេ ។បន្ថែមពីនេះទៀតត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ និងពិតប្រាកដ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ និងបង្កចលនាចលក្នុងសង្គមផងដែរ៕