អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗគ្នា ចូលរួមក្នុងសិក្ខាសាលាបញ្ជ្រាបការយល់ដឹងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ អ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗគ្នាបានចូលរួមក្នុងសិក្ខាសាលាបញ្ជ្រាបការយល់ដឹងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ដើម្បីចៀសវាងការផ្សាយព័ត៌មានដែលមិនពិតនិង បំប៉ោងស្ថានការណ៍ណាមួយនាំឲ្យសាធារណជនមានការភាន់ច្រឡំ ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ ការរៀបចំសិក្ខាសាលានេះដោយមើលឃើញអ្នកព័ត៌មានមួយចំនួនតូចដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ និងសរសេរព័ត៌មានមិនពិត មិនបានពិនិត្យច្បាស់លាស់ ពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងយកមកផ្សាយតៗគ្នា នៅតាមបណ្តាញសង្គមនានា នាំឲ្យប៉ៈពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋនិងសង្គម ។
ឯកឧត្តមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃ មានការព្រួយបារម្ភចំពោះព័ត៌មានដែលមិនពិតមួយចំនួនបានជៈឥទ្ធិពលមិនល្អដល់សង្គម ដូច្នេះក្រសួងព័ត៌មានបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាទប់ស្កាត់ព័ត៌មានក្លែងក្លាយទំាងនោះឲ្យបានទាន់ពេលវេលា រួមទំាងការ ផ្សាយព័ត៌មានពិតត្រលប់ទៅវិញ ដើម្បីបន្សាបព័ត៌មានមិនពិតទំាងនោះកុំឲ្យបំពុលនៅក្នុងសង្គម ។
ឯកឧត្តមបន្តទៀតថា ទោះបីជាវគ្គនេះមានរយៈពេលខ្លីពិតមែន ប៉ុន្តែគឺជាគន្លឹះនិងដំបូន្មានល្អៗដែលធ្វើអ្នកសារព័ត៌មាន ទទួលបានចំណេះដឹងជាច្រើន ប្រកបដោយវិជ្ជាជីវៈដើម្បីឲ្យតម្លៃអ្នកសារព័ត៌មានកាន់តែមានសក្ដានុពល និងចូលរួមធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងប្រជាពលរដ្ឋទទួលបានដំណឹងពិត ។
សំលេង ៖ អ្នកកាសែតដំបូង គេរៀនពីក្រមសីលធម៌ បន្ទាប់ទី២ គេរៀនពីសិទ្ធិមួយចំនួនរបស់ខ្លួនដើម្បីការពារខ្លួន ។ក្រមសីលធម៌អញ្ចឹងដែរ ទីមួយ គឺរក្សាតម្លៃថ្លៃថ្នូររបស់យើងរបស់អ្នកកាសែត វាបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដយើងបានឆ្លងកាត់ការរៀនសូត្រ ទី២ គឺបង្ហាញអំពីការផ្ដល់តម្លៃទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា ដែលជាមនុស្សដូចគ្នាមិនមែនជាសត្វធាតុអី ទោះមនុស្សធ្វើខុសក៍ដោយមិនទាន់ត្រូវតុលាការកាត់ទោស ការប្រើពាក្យសំដី ក៏គេរក្សាក្រមសីលធម៌ដែលនេះជាភាសាថ្លៃថ្នូរ ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ ដែលមានអ្នកសារព័ត៌មានចូលរួម២៥០ នាក់ ដែលមកពីអង្គភាពផ្សេងៗគ្នា ទំាងរដ្ឋនិងឯកជន ៕