វៀតណាមចង់បង្កើនការជំរុញភាពជាដៃគូបន្ថែមទៀតជាមួយសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានប្រាប់ប្រធានសភាអឺរ៉ុប លោក David Sassoli ថា ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម ជានិច្ចកាលតែងតែគោរព និងចង់ជំរុញបន្ថែមទៀតនូវភាពជាដៃគូ​សហប្រតិបត្តិការទូលំទូលាយជាមួយសហភាពអឺរ៉ុប។

ក្នុងជំនួបជាមួយប្រធានសភាអឺរ៉ុបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចការងារ​របស់លោកទៅកាប់ប្រទេសប៊ែលហ្សិក និងបារាំង និងក្នុងឋានៈជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Son បានវាយ​តម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ប្រកបដោយផ្លែផ្កានៃទំនាក់ទំនងរវាងវៀតណាម – អឺរ៉ុប លើគ្រប់វិស័យនាពេលកន្លងមក។ ជាពិសេសបន្ទាប់ពី​កិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ (PCA) រវាងភាគីទាំងពីរបានចូលជាធរមាន។

លោកបានសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិកសភាអឺរ៉ុបនឹងបន្តការគាំទ្រ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ​ទូលំទូលាយរវាងវៀតណាម និងសហភាពអឺរ៉ុបនាពេលខាងមុខ។

លោក Son ក៏បានកោតសរសើរចំពោះការគាំទ្ររបស់លោក Sassoli ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់បណ្តា​ទីភ្នាក់ងាររបស់សភាអឺរ៉ុប ក្នុងដំណើរការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រម​ព្រៀងការពារការវិនិយោគរវាងអឺរ៉ុប – វៀតណាម (EVIPA) ។

លោក Son បាននិយាយថា រដ្ឋសភាវៀតណាមនឹងផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងទាំងពីរនេះក្នុងពេលឆាប់ៗនេះ ដោយ​លោកបាននិយាយថា ទីភ្នាក់ងារដែលពាក់ព័ន្ធរបស់ប្រទេសវៀតណាម បាននិងកំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់ការអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត ជាពិសេសកិច្ចព្រមព្រៀងស្តីពីកិច្ចអភិវឌ្ឍន៍ការងារ និងបរិស្ថានប្រកបដោយចីរភាព។

សម្រាប់ភាគីអឺរ៉ុប លោក Sassoli បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសមាហរណកម្ម​អន្តរជាតិរបស់វៀតណាម នឹងបានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជា សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ ។

លោកបានសន្យាថា នឹងគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងសហភាពអឺរ៉ុប និងវៀតណាម ដោយ​លោកសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅអាស៊ីប៉ាស៊ីហ្វិក នឹងចង់ឱ្យវៀតណាមបន្តរួមចំណែក​យ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានដទៃទៀត៕

( ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)