វៀតណាមពិគ្រោះយោបល់ជាមួយសិង្ហបុរីអំពីសកម្មភាពការពារជាតិអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — គណៈប្រតិភូនៃក្រសួងការពារជាតិវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀតណាម នាយឧត្តមសេនីយ៍ Nguyen Chi Vinh កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិគ្រោះយោបល់ជាមួយភាគីសិង្ហបុរីអំពីសកម្មភាពយោធា និងការពារជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុង​ឆ្នាំ ២០២០ ។

ក្នុងពេលបំពេញការងារនៅប្រទេសសិង្ហបុរី លោក Vinh បានជួបជាមួយលេខាធិការអចិន្ត្រៃយ៍នៅក្រសួងការពារជាតិសិង្ហបុរី លោក Chan Heng Kee ព្រមទាំងទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Heng Chee How ។

លោកបានជម្រាបជូនភាគីសិង្ហបុរីថា ក្រសួងការពារជាតិវៀតណាមបានបញ្ចប់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារ​ជាតិអាស៊ាន (ADMM Retreat) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅទីក្រុង​ហាណូយ ដោយយកចិត្តទុកដាក់ជាពិសេសក្នុងការការពារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុស (nCoV) ។

ក្រៅពីកិច្ចប្រជុំ ADMM និង ADMM បូក (ADMM) វៀតណាមគ្រោងនឹងរៀបចំពិធីប្រារព្ធខួបលើកទី ១០ នៃការបង្កើត ADMM បូក នៅក្នុងឆ្នាំ ២០២០ នេះ ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការពារជាតិរបស់អាស៊ាន។

លោក Vinh បានឆ្លៀតក្នុងឱកាសនោះដើម្បីអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ព សិង្ហបុរី ចូលរួមសន្និសីទ ស្តីពីការ​ចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងពិព័រណ៍ការពារជាតិអន្តរជាតិ ​ដែលនឹងត្រូវធ្វើឡើងនៅ​ប្រទេសវៀតណាមជាលើកដំបូងនៅចុងឆ្នាំនេះ។

អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ឯក Le Huy Vinh ដែលបានចូលរួមក្នុងគណៈប្រតិភូនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការកងកម្លាំងការពារជាតិសិង្ហបុរី លោក Melvyn Ong ដោយក្នុងអំឡុងពេលនៃជំនួបនោះ លោកបាន​ពាំនាំនូវការអញ្ជើញរបស់អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ឯក Phan Van Giang ដើម្បីចូលរួមក្នុងកិច្ច​ប្រជុំនាយទាហាននៃកងទ័ពការពារអាស៊ានលើកទី ១៧ នៅប្រទេសវៀតណាមផងដែរ។

នៅឯកិច្ចប្រជុំទាំងនេះ មន្រ្តីសិង្ហបុរីបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមេដឹកនាំកងទ័ពសិង្ហបុរី កំពុងទន្ទឹងរង់ចាំ​ចូលរួមក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអាស៊ានដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម។

ពួកគេបានអះអាងថា ប្រទេសសិង្ហបូរីគាំទ្រ ហើយនឹងផ្តល់ជំនួយតាមដែលអាចធ្វើទៅបាន ដើម្បីជួយក្រសួងការពារជាតិ​វៀតណាមរៀបចំរាល់សកម្មភាពការពារជាតិយោធាឱ្យទទួលបានជោគជ័យនៅក្នុងឆ្នាំ ២០២០ នៅពេលដែលប្រទេសនេះធ្វើជាប្រធាន​អាស៊ាន៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)