រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាលកម្ពុជា និងគុយបា

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ១២ ០២ ២០២០៖

រដ្ឋសភាកម្ពុជា បានបង្ហាញពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងគុយបា ដែលនាំមកនូវការគាំទ្រគ្នាទៅវិញទៅមកផ្នែកនយោបាយ ការទូត សេដ្ឋកិច្ចទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។
ថ្លែងក្នុងឱកាសទទួលជួបសម្តែងការគួរសមរបស់លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតប្រទេសគុយបាថ្មី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។
សម្តេចពញាចក្រី បន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ដោយនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំហើយ ហើយគុយបាជាមិត្តដ៏ល្អរបស់កម្ពុជាដែល តែងជួយ និងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ដោយលោកជំទាវ អះអាងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា៕