កសិករនៅខេត្ត ស្ទឹងត្រែងស្វែងរកស្ថាប័នពាក់ព័ន្ធអោយជួយរកទីផ្សារលក់គ្រាប់ស្វាយចន្ទី ខណៈ សង្ឃឹមដំណាំស្វាយចន្ទីនឹងទទួលបានផលច្រើនជាងឆ្នាំមុន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង សង្ឃឹមដំណាំស្វាយចន្ទីនឹងទទួលបានផលច្រើនជាងឆ្នាំមុន ខណៈក្រុម ឈ្មួញបានបង្អាប់ថ្លៃធ្វើឱ្យពួកគាត់បាក់ទឹកចិត្តក្នុងការប្រកបរបរកសិកម្ម ដែលបង្ខំចិត្ត ពួកគាត់ស្វែងរកស្ថាប័នពាក់ព័ន្ធអោយជួយរកទីផ្សារលក់ កសិកផលមួយនេះ។ លោកសានវិសាល កសិករដាំស្វាយចន្ទី នៅក្រុងខេត្តស្ទឹងត្រែងបានអោយដឹងថា៖ផលដំណាំផ្នែកឧស្សាហកម្មមួយនេះពីឆ្នាំ ទៅមួយឆ្នាំ មានបរិមាណកើនឡើងព្រោះកសិករយើងបាននិយមដាំស្វាយចន្ទីច្រើនជាងដំណាំផ្សេងៗ ។ លោកបញ្ជាក់ថា៖ កាលពីដើមខែមករាឆ្នាំ២០២០នេះ ផលគ្រាប់ស្វាចន្ទីលក់បានជាង៦៥០០រៀលក្នុងមួយគីឡូក្រាមចំណែកគ្រាប់ហាលស្អួតបានរហូតដល់ទៅ៧៥០០ពាន់រៀល តែនៅដើមខែកុម្ភៈនេះឈ្មួញទម្លាក់ថ្លៃនៅតែ៤៥០០រៀលឬ៥០០០រៀលតែប៉ុណ្ណោះ។
តំណាងកសិករទូទាំងខេត្តស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយគៀងគរអ្នកបញ្ជាទិញឱ្យមកទិញបានច្រើន ដើម្បីមានទីផ្សារប្រកួតប្រជែងគ្នា អាចផ្តល់លទ្ធភាពឱ្យកសិករប្រឹងប្រែងក្នុងការប្រកបរបកសិកម្ម បានផុលផុស ក្នុងពេលដែលរាជរដ្ឋភិបាលកំពុងជំរុញលើកកម្ពស់ទៅលើវិស័យនេះ។
លោក អ៊ុនសុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ចំពោះផ្នែកទីផ្សារដែលបងប្អូនកសិករស្នើសុំឱ្យជួយអន្តរាគមន៍ននោះមន្ទីរពាណិជ្ជកម្មនិងហៅម្ចាស់ក្រុមហ៊ុនដែលកំពុងបោះទីតាំងទិញនៅក្នុងខេត្តស្ទឹងត្រែងមកធ្វើការពិគ្រោះយោបល់គ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ធ្វើយ៉ាងណាឱ្យទីផ្សារនេះទទួលយកបានទាំងអស់គ្នា។ លោកអះអាងថា៖បញ្ហានេះគួតែកសិករយើងគិតពីគុណភាពផលិតផលខ្លះ ដើម្បីធ្វើឱ្យមានការប្រកួតប្រជែងនៅលើទីផ្សារ ជាពិសេសពេលដាំត្រូវជ្រើសរើសពូជល្អៗ យកទៅដាំដុះ ដើម្បីទទួលបានផលមានគុណភាពលក់បានថ្លៃ។
សួមបញ្ជាក់ថា៖ទីតាំងទិញផលគ្រាប់ស្វាយចន្ទីនៅក្នុងក្រុងស្ទឹងត្រែងបច្ចុប្បន្នមានចំនួន៣កន្លែងក្នុងនោះមានក្រុមហ៊ុនវៀតណាម២កន្លែងនឹងខ្មែរមួយកន្លែងដែលមានមុខព្រួញនាំចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ៕