ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ-19 នៅប្រទេសចិនបានកើនឡើងដល់ ១១១០នាក់

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង៖


យោងតាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសខូវីដ ១៩ (កូរ៉ូណាថ្មី ឬ Covid-19) បានកើនឡើងដល់ ១,១១០នាក់ ខណៈអ្នកឆ្លងមានចំនួនជាង ៤៤,២០០នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
តាមតួលេខនៃការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃតាមបណ្តាខេត្ត និងតំបន់នានាចំនួន ៣១ នៅទូទាំងប្រទេសចិន ដែលមានការផ្ទុះឡើងនូវវីរុស Covid-19 បានឪ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញនេះ មនុស្ស ៩៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១,០៦៨នាក់ផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកវីរុស Covid-19។
សូមបញ្ជាក់ថា នៅពេលនេះអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះជាផ្លូវការអោយវីរុសកូរ៉ូណាថ្មីដែលមានប្រភពនៅទីក្រុងវូហាន ខេត្តហឿប៉ីប្រទេសចិនថា ខូវីដ-19 (Covid-19)៕