ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ មាស សុភា អញ្ជើញចូលរួមវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ –រដ្ឋ​បាលខេត្ត​ព្រះវិហារ​ បានរៀបចំវេទិកាសាធា រណ:របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ និង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈ​អភិបាល​ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ វេទិកានេះមានការអញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តគិរីរតនារាម នៃឃុំរតនៈ ស្រុករវៀង​ ខេត្ត​ព្រះវិហារ។

ក្នុងវេទិកាសាធារណៈនាពេលនេះ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវកង្វល់និងសំណូមពរជាច្រើន ដាក់ជូនដល់ក្រុមការងារដើម្បីជួយដោះស្រាយ ហើយក្រុមការងារ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានពន្យល់បកស្រាយ នូវចម្ងល់ទាំងឡាយរបស់ពួកគាត់ បានយល់ច្បាស់តាមបញ្ហាជាក់ស្តែង និងទទួលសំណូមពររបស់ពួកគាត់ មកសិក្សាដោះស្រាយតាមជំនាញនិងបញ្ហានីមួយៗ ។

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ មាស សុភា បានមានប្រសាសន៍​ ជម្រាបជូន និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងអង្គវេទិកាសាធារណ:ទាំងអស់ ឱ្យបានយល់ជ្រួតជ្រាបពីសភាពការណ៍ថ្មីៗ តាមខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការងារសាធារណ:មតិ សំដៅពង្រឹងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ កុំឱ្យលង់ខ្លួនជឿតាមឧបាយកលដ៏ពិសពុលរបស់ ក្រុមប្រឆាំង ឬទៅចូលរួមក្នុងសកម្មភាពណាមួយរបស់ក្រុមប្រឆាំង ដែលនាំឱ្យមានទោសធ្ងន់ធ្ងរដល់ខ្លួន​ ។

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិ ក្រោមម្លប់សន្តិភាពសម្តេចតេជោ នៃយើងទាំងអស់គ្នា ដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងតទៅមុខទៀត ៕

ដោយ ទិត ស្រ៊