អង្គការសុខភាពបានដាក់ឈ្មោះផ្លូវការវីរុសកូរ៉ួណាថ្មីថា ខូវីដ-19 (Covid-19)

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង
អង្គការសុខភាពពិភពលោក WHO បានដាក់ឈ្មោះជាផ្លូវការវីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ គឺហៅថា «Covid-19»។ នេះបើតាមការដកស្រង់ការផ្សាយរបស់សារព័ត៌មានChannel News Asiaនៅព្រឹកថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រកាសអំពីការដាក់ ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV។ លោក Tedros លើកឡើងថា ក្នុងនោះពាក្យថា Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯអក្សរ D តំណាងឲ្យពាក្យថា Disease ប្រែថាជំងឺ ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញ។
លោកប្រធានអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ហើយវាងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩»៕