GMACបង្ហាញមូលហេតុនៃការផ្អាកដំណើរការរោងចក្រជាបណ្តោះអាសន្ន ដោយសារវីរុសកូរ៉ូណាថ្មី

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានបង្ហាញពីមូលហេតុនៃការផ្អាកដំណើរការរោងចក្រជាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ។
តាមសេចក្តីប្រកាសព័ត៍មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានបញ្ជាក់ថា បច្ចុប្បន្ននេះវត្ថុធាតុដើមប្រហែលជាង ៦០ ភាគរយសម្រាប់ដំឡើងបម្រើអោយផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន ។
ប្រភពបានបន្តថា រោងចក្រផលិតវត្ថុធាតុដើមនិងក្រុមហ៊ុនផ្ដល់សេវាជាច្រើនក្នុងប្រទេសចិន បានបិទដំណើរការបណ្ដោះអាសន្នហើយ ប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្ដើមដំណើរការឡើងវិញបាន ដែលបញ្ហានេះ និងបង្កអោយមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅប្រទេសកម្ពុជា ។ សម្រាប់រោងចក្រមួយចំនួនដែលមានវត្ថុធាតុដើមនៅក្នុងស្តុក សម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្ដោះអាសន្ននៅប្រទេសចិន អាចនឹងធ្វើឲ្យរោងចក្រមួយចំនួន ខ្វះវត្ថុធាតុដើមនៃចុងខែនេះ ។ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្ដោះអាសន្ននោះទេ ។
ប្រភពដដែលបានបន្ថែមថា ការផ្អាកបណ្ដោះអាសន្នរយៈពេលខ្លីដែលយើងអាចរំពឹងទុកថា នឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ ។ ការសម្រេចចិត្តណាមួយ របស់សហភាពអឺរ៉ុបនឹងត្រូវចូលជាធរមាននៅក្នុងរយៈពេលមិនតិចជាង ៦ ខែខាងមុខ ដូច្នេះការភ្ជាប់បញ្ហាថា ការផ្អាកដំណើរបណ្ដោះអាសន្នរបស់រោងចក្រមួយចំនួននៅក្នុងខែមីនាដ៏ខ្លីខាងមុខនេះ ទៅជាបញ្ហា EBA មិនមែនជាការត្រឹមត្រូវទេ ។
សូមបញ្ជាក់ថា ចំពោះនីតិវិធីនៃការផ្អាកបណ្ដោះអាសន្នគ្រប់រោងចក្រទាំងឡាយនោះ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដោយមានការចរចា ពិភាក្សានិងព្រមព្រៀងគ្នា រវាងកម្មករនិយោជិតនិងថ្នាក់គ្រប់គ្រងរោងចក្រ ក្រោមការត្រួតពិនិត្យនិងការអនុញ្ញាតពីក្រុមអធិការការងារ ៕