ហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងផ្នែកយោធាជាមួយអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


លោក រ៉ូឌ្រីហ្គោឌូទើតេ ប្រធានាធិបតីហ្វីលីពីនបានប្រាប់រដ្ឋមន្រ្តីការបរទេសរបស់លោកឱ្យផ្តល់ការជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក អំពីការបញ្ចប់កិច្ចព្រមព្រៀងយោធាប្រទេសទាំងពីរ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក Salvador Panelo អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបានប្រាប់ក្រុមអ្នកសារព័ត៌មានដោយលើកឡើងប្រសាសន៍របស់ លោក ឌូទើតេ ថា “ វាដល់ពេលដែលយើងពឹងផ្អែកលើខ្លួនឯង ហើយយើងនឹងពង្រឹងការការពារខ្លួនរបស់យើងនិងមិនពឹងផ្អែកលើប្រទេសផ្សេងទៀតទេ”។ការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថា ដោយសារលោកប្រធានាធិបតីហ្វីលីពីនមិនសប្បាយចិត្តទាល់តែសោះចំពោះការដកហូតទិដ្ឋការរបស់អតីតមេប៉ូលីស សម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិករបស់លោកទាក់ទងទៅនឹងការធ្វើសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន។
សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងផ្នែកយោធាជាមួយគ្នានៅឆ្នាំ១៩៩៨ ដែលតាមលក្ខន្តិកៈគឺអនុញ្ញាតអោយកងទ័ពអាមេរិករាប់ពាន់នាក់ធ្វើការចល័តទ័ពនៅប្រទេសហ្វីលីពីនដូចជាការធ្វើសមយុទ្ធយោធា និងជំនួយមនុស្សធម៌ជាដើម៕
ប្រភព៖ សារព័ត៌មាន Channel News Asia