ក្រសួងព័ត៌មានជំរុញឱ្យស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ជួយផ្សព្វផ្សាយព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ីអឺរ៉ុបឱ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា លោក ផាន់ណា លោក រតនៈ៖

ក្រសួងព័ត៌មាន បានជំរុញឱ្យស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ឲ្យជួយផ្សព្វផ្សាយព្រឹត្តិការណ៍នានាពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ីអឺរ៉ុបឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ឯកឧត្ដម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឲ្យជួយបង្កើនការយកចិត្ដទុកដាក់លើការផលិតកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងស្ព័តកាន់តែសំបូរបែបទាំងខ្លឹមសារ រូបភាព និងសំឡេង អំពីព្រឹត្ដិការណ៍កិច្ចប្រជុំអាស៊ីអឺរ៉ុបនេះឱ្យមានភាពស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋបានជ្រួតជ្រាបពីព្រឹត្តិការណ៍នេះ ខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ ខែវិច្ឆិកាខាងមុខនេះ។

ក្នុងកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយជាមួយសមាគមទូរស្សន៍ និងវិទ្យុឆ្ពោះទៅកាន់ការផ្សព្វផ្សាយនៃកិច្ចកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅទីស្ដីការក្រសួងព័ត៌មានឯកឧត្ដមបានបញ្ជាក់ថា ការជំរុញការផ្សព្វផ្សាយកិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ ដើម្បីធ្វើយ៉ាងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានស្វែងយល់អំពី ព្រឹត្តិការណ៍អន្តរជាតិធំៗនេះ ជាពិសេសសមាជិកអាស៊ីអឺរ៉ុបផងដែរ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលជាប្រវត្ដិសាស្រ្ដ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបនេះ ដើម្បីបង្ហាញឱ្យអន្ដរជាតិបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា

ជាពិសេសបង្កើតកិច្ចសហប្រតិបត្ដិការកម្ពុជា និងបណ្ដាប្រទេសជាច្រើនលើពិភពលោក។
ឯកឧត្ដមបានបន្ថែមថា ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានបានត្រៀមរៀបចំនូវកិច្ចការសំខាន់ៗចំនួន ៣ រួមមាន ក្រុមការងារបច្ចេកទេស ការផ្សព្វផ្សាយ ការរៀបចំផលិតជាស្ព័តខ្លីៗ ព័ត៌មាន និងបទយកការណ៍សម្រាប់ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ អោយកាន់តែទូលំទូលាយដល់សាធារណៈជន ក៏ដូចជាត្រៀមលក្ខណៈនៅក្នុងការផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះ នៅថ្ងៃប្រជុំកិច្ចកំពូលតែម្តង។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី ១៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ១៧ ខែវិច្ចិកា ឆ្នាំ២០២០ខាងមុខនេះ ដែលមានវត្ដមានថ្នាក់ដឹងនាំកំពូលៗមកពីប្រទេសក្នុងតំបន់អាស៊ីចំនួន២១ ប្រទេស អ៉ុរ៉ុបចំនួន៣០ប្រទេស បូកបញ្ជូលស្ថាប័ន២ទៀត គឺ លេខាធិការដ្ឋានអាស៊ាន ១ និងលេខាធិការដ្ឋានសហភាពអ៉ឺរ៉ុប១ សរ៉ុប៥៣៕