ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ស្ពឺ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ៖

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ អំពីផលប៉ៈពាល់របស់ផលិតផលថ្នាំជក់ ទៅលើសុខភាព សំដៅដល់ការលើកកម្ពស់សុវត្ថិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ។
ថ្លែងក្នុងសិក្ខាសាលា និងពិធីចែកពាន “បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍” នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងខិតខំយកចិត្តទុកដាក់អនុវត្តគោលការណ៍ បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន និងរួមគ្នាទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់ ។
ឯកឧត្ដមបន្តថា សិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីនេះ ក្រសួងទេសចរណ៍បានរៀបចំជាច្រើនលើករួចមកហើយ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ នៅពេលគឺ មានពិធីចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍នាពេលកន្លងមក ។
ឯកឧត្ដម បន្តទៀតថា ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ ក្រសួងទេសចរណ៍ ក៍បានចាត់ក្រុមការងារ ចុះត្រួតពិនិត្យនិងវាយតម្លៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺ និងបានរកឃើញសណ្ឋាគារ និងផ្ទះសំណាក់ចំនួន១០ កន្លែង និងភោជនីយដ្ឋាន១០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។ បន្ថែមពីនេះ ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ និងភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដែលផ្អែកទៅលើពិន្ទុនៃកម្រងសំណួរ ដែលបានរៀបចំឡើង ដោយមានសូចនាករលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ ។
គួរបញ្ជាក់ដែរថា ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមាន ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូ បានឯកភាពគ្នាខិតខំជំរុញឲ្យខេត្តកំពង់ស្ពឺ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅឆ្នាំ២០២០នេះ ៕