កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមចាកចេញពីប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — មុននេះ សភាអ៊ីរ៉ាក់បានបោះឆ្នោតឱ្យមានចលនាមិនជាប់កាតព្វកិច្ច ដើម្បីបញ្ចប់វត្តមានយោធា​បរទេសទាំងអស់នៅក្នុងប្រទេស ដូច្នេះទាមទារឱ្យកងទ័ពសហរដ្ឋអាមេរិកចាកចេញពីមូលដ្ឋានទ័ពរបស់ពួកគេ នឹងចាកចេញពីទឹកដី​អ៊ីរ៉ាក់ឱ្យបានឆាប់បំផុត។ ប៉ុន្តែទោះ​បីជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួនមានបំណងស្នាក់នៅអ៊ីរ៉ាក់បន្តទៀតមិនថា មាន​បញ្ហាអ្វីក៏ដោយ។

សមាជិកគណៈកម្មការសន្តិសុខ និងការពារជាតិនៃសភាអ៊ីរ៉ាក់ លោក Ali al-Qameni ត្រូវបានដកស្រង់សម្តីដោយកាសែតប្រចាំ​ថ្ងៃបាកដាដ ថា កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមដកខ្លួនចេញពីមូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួន ១៥កន្លែងរួចទៅហើយ ។

សមាជិកសភាអ៊ីរ៉ាក់បានរាយការណ៍បន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែទទូចឱ្យមានការបង្កើនកម្លាំងនៅក្នុងមូលដ្ឋានយោធា Ayn al-Asad និង Erbil ប៉ុន្តែបានកត់សម្គាល់ថា សភាអ៊ីរ៉ាក់បានប្រឆាំងទៅនឹងគំនិតនេះ។

សមាជិកសភាអ៊ីរ៉ាក់បានបោះឆ្នោតកាលពីថ្ងៃទី ៥ ខែមករា កន្លងមកនេះ ឱ្យមានចលនាមិនជាប់កាតព្វកិច្ចដើម្បីបញ្ឈប់​រាល់ការ​ដាក់ពង្រាយយោធាបរទេសទាំងអស់​នៅក្នុងប្រទេស រួមទាំងយោធាសហរដ្ឋអាមេរិកផង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់​សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qasem Soleimani ដោយមិនពិភាក្សា ឬបញ្ជាក់ឱ្យច្បាស់ពីប្រតិបត្តិការនេះ​ជាមួយអាជ្ញាធររបស់ប្រទេសអ៊ីរ៉ាក់។ ។

ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះព័ត៌មាននេះ គឺមានភាពច្របូកច្របល់ ស្របពេលដែលក្រសួងការបរទេសសហរដ្ឋអាមេរិក​បាននិយាយថា ខ្លួនមិនមានចេតនាក្នុងការចរចាអំពីការដកកងកម្លាំងនេះទេ។ លើសពីនេះទៀត រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានបង្ហាញថា កងទ័ពអាម៉េរិកនឹងមិនត្រូវបានឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ជាបណ្តោះអសន្ននោះទេ ប៉ុន្តែក៏មិនបានបញ្ជាក់ថា ពេលណាពួកគេនឹងចាកចេញពីទីនោះដែរ។

សហរដ្ឋអាមេរិកក៏បានការពារសកម្មភាពដែលនាំឱ្យមានការសម្លាប់លោក Soleimani កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ​២០២០ និងបណ្តាលឱ្យមានការកើនឡើងនៃភាពតានតឹងជាមួយអ៊ីរ៉ង់ នឹងការវាយប្រហារមីស៊ីលសងសឹកចុងក្រោយទៅលើមូលដ្ឋានដែលមាន​កម្លាំងអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា ការវាយប្រហារតាមអាកាស គឺត្រឹមត្រូវស្របពេលដែលសមាជិក​សភាអ៊ីរ៉ាក់មិនយល់ស្រប៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)