រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចពិភាក្សាអំពីអាវុធរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកក្នុងបរិបទនៃសន្ធិសញ្ញាដែលអាចកើតមាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សារព័ត៌មាន Rossiyskaya Gazeta ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីអាវុធថ្មីរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងបរិបទនៃកិច្ចព្រមព្រៀងដែល​អាចកើតមានថ្មី និងពិចារណាទៅលើកត្តាទាំងអស់ដែលជះឥទ្ធិពលដល់ស្ថិរភាពយុទ្ធសាស្ត្រ។

យោងតាមអ្នកការទូតជាន់ខ្ពស់រូបនេះបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនចាប់អារម្មណ៍ទៅលើអាវុធថ្មីរបស់រុស្ស៊ី។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា «យើងបានលើកឡើងរួចមកហើយថា យោធារបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បី​ពិភាក្សាអំពីអាវុធថ្មីមួយចំនួន យ៉ាងហោចណាស់ប្រព័ន្ធ Avangard [មីស៊ីលផ្លោង Hypersonic] និងកាំជ្រួចមីស៊ីលអន្តរទ្វីប Sarmat នៅក្នុងបរិបទនៃសន្ធិសញ្ញា [NEW START]»។ «អាវុធថ្មីៗទៀតរបស់រុស្ស៊ី មិនសមស្របនឹងលក្ខន្តិកៈនៃសន្ធិសញ្ញានោះទេ ប៉ុន្តែយើងក៏ត្រៀមខ្លួនពិភាក្សាអំពីអាវុធផ្សេងៗទៀតដែរ»។

លោក Lavrov បានកត់សម្គាល់ថា អាវុធទាំងនេះត្រូវបានបង្កើតឡើងដោយសារតែការរំលាយសន្ធិសញ្ញាមីស៊ីលផ្លោងឆ្នាំ ១៩៧២។

លោកបានគូសបញ្ជាក់ថា «ថ្ងៃនេះ ជាច្រើនទសវត្សរ៍បន្ទាប់ពីសន្ធិសញ្ញាបានបញ្ចប់រាល់សំណួរទាក់ ទងនឹងប្រព័ន្ធអាវុធថ្មីត្រូវតែ​ត្រូវបានពិភាក្សាតែនៅក្នុងបរិបទនៃកត្តាទាំងអស់ ដែលជះឥទ្ធិពលដល់ស្ថិរភាពយុទ្ធសាស្ត្រតែប៉ុណ្ណោះ»។

លោក Lavrov បានពន្យល់ថា «វាអាចឈានទៅដល់ចំណុចណាមួយនៃផែនដីក្នុងរយៈពេលមួយម៉ោងយ៉ាងច្រើន។ ជាការពិត វាគឺជាកត្តាអស្ថិរភាពថ្មីមួយ»។ កត្តាផ្សេងទៀត គឺជាការបដិសេធជាផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការចូលរួមសន្ធិសញ្ញាទូលំទូលាយ​នៃការហាមសាកល្បងនុយក្លេអ៊ែរ និងផែនការរបស់ខ្លួនដើម្បីនាំអាវុធចូលទៅក្នុងអវកាស។

លោករដ្ឋមន្រ្តីបាននិយាយបន្ថែមថា «ជាការពិត យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីអាវុធថ្មីរបស់យើង និងអាវុធថ្មី​របស់ប្រទេសដទៃទៀត ហើយធ្វើវាដោយពិចារណាទៅលើកត្តាទាំងអស់ដែលជះឥទ្ធិពលដល់ស្ថិរភាពពិភពលោក។ ប្រសិនបើយើង​ត្រូវបានផ្តល់ជូនដើម្បីកំណត់អាវុធរបស់យើង ខណៈដែលអ្នកដែលផ្តល់ការផ្តល់ជូននេះបន្តអភិវឌ្ឍន៍អាវុធរបស់ពួកគេដោយគ្មានដែន​កំណត់ ជាការពិត ការពិភាក្សានេះនឹងនាំយើងទៅកន្លែងមួយដែលមិនដំណោះស្រាយ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)