មន្ដ្រីជាន់ខ្ពស់ឡាវ អបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ឥតឈប់ឈរ

វិទ្យុ ជាតិ កម្ពុជា ៖ លោក អាត ចន្ធូ ១១ ០២ ២០២០ ៖

មន្ដ្រីជាន់ខ្ពស់ឡាវ អបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ឥតឈប់ឈរ ក្រោមមគ្គុទេ្ទសក៍ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូដែលអនុម័តដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ដីពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ប៊ុនញ៉ាំង វរជីត អគ្គលេខាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ឯកឧត្តម ប៊ុនញ៉ាំង វរជីត បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ឥតឈប់ឈរក្រោមមគ្គុទេ្ទសក៍ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ដែលអនុម័តដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៊ុនញ៉ាំង វរជីត និងថ្នាក់ដឹកនាំកម្ពុជា បានសង្កត់ធ្ងន់ចំពោះសារសំខាន់នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឆ្នាំ២០១៩ និងយល់ឃើញថា ការលើកកម្ពស់នេះនឹងពង្រឹង និងលើកស្ទួយបន្ថែមទៀតនូវចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ នៃប្រទេសទាំងពីរ។

ទាក់ទងនឹងវិស័យការពារជាតិ និងសន្ដិសុខសាធារណៈ ភាគីទាំងពីរបានយល់ស្របគ្នាឲ្យ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សំរបសំរួល និងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការពិគ្រោះយោបល់ជាទៀងទាត់ និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាកុងស៊ុលនិងច្បាប់ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងបទល្មើសឆ្លងដែនដទៃទៀត ព្រមទាំងដោះស្រាយបញ្ហាឆ្លងដែន ដូចជា ជំងឺឆ្លង និងគ្រោះមហន្តរាយផ្សេងៗ។ ភាគីទាំងពីរក៏បានយល់ស្របផងដែរឲ្យមានកិច្ចខិតខំថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរួមមាន ថាមពល កសិកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ ការងារ និងអប់រំ។

ឯកឧត្តម ប៊ុនញ៉ាំង វរជីត និងថ្នាក់ដឹកនាំកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះការព្រមព្រៀងគ្នារវាងនាយករដ្ឋមន្ត្រីទាំងពីរ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទំាងពីរ ព្រាងនូវសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ទាក់ទងទៅនឹងកំណាត់ព្រំដែន ដែលប្រទេសទាំងពីរបានបញ្ជប់ការងារខណ្ឌសីមាចំនួន៨៦% នៃខ្សែបន្ទាត់ព្រំដែនរួម និងបន្តការចរចាដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់មិនទាន់ខណ្ឌសីមា ដើម្បីកសាងនូវព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម បានយាង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ ព្រមទាំងបានអញ្ជើញថ្នាក់ដឹកនាំកម្ពុជា បំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមពេលវេលាសមស្រប។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា និងថ្នាក់ដឹកនាំកម្ពុជា បានទទួលយកការយាង និងអញ្ជើញនេះ ដោយក្តីរីករាយ។