គណៈកម្មាធិការដឹកនាំត្រូវបានបង្កើតឡើង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចតាមសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីសម្រេចលេខ 203/Q/TTg ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ជាតិ សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយ​និរន្តរភាពដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥ ។

គណៈកម្មាធិការដឹកនាំនេះត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី ខណៈដែលរដ្ឋមន្រ្តីក្រសួងធនធានទឹក និងបរិស្ថាន មានតួនាទី​ជាអនុប្រធានប្រចាំការ ហើយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ គឺជាអនុប្រធាននៃគណៈកម្មាធិការនេះ។

គណៈកម្មាធិការទទួលខុសត្រូវក្នុងការសិក្សា និងផ្តល់យោបល់ដល់ដំណោះស្រាយរបស់នាយករដ្ឋមន្រ្តីក្នុងការដោះស្រាយបញ្ហា​សំខាន់ៗ និងអន្តរវិស័យ ដែលទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាម។

វាត្រូវបានរៀបចំឡើងដើម្បីជួយលោកនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដោយផ្ទាល់ក្នុងចំណោមបណ្តាក្រសួង ភ្នាក់ងារ និង​អាជ្ញាធរមានសមត្ថកិច្ចនានា ក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចតាម         សមុទ្រក្នុងប្រទេស។

លើសពីនេះទៅទៀត គណៈកម្មាធិការនេះទទួលបន្ទុកអនុវត្តន៍កម្មវិធីគន្លឹះ ស្តីពីការស៊ើបអង្កេតមូលដ្ឋានធនធានធម្មជាតិ និងបរិស្ថាននៃសមុទ្រ និងកោះ រហូតដល់ឆ្នាំ ២០៣០ ។

ក្រសួងធនធាន និងបរិស្ថាន គឺជាភ្នាក់ងារប្រចាំការរបស់គណៈកម្មាធិការ និងទទួលខុសត្រូវក្នុងការធានាឱ្យមានប្រតិបត្តិការ​ដោយរលូន។ ការិយាល័យរបស់ភ្នាក់ងារតំណាងគណៈកម្មាធិការនេះមានទីតាំងនៅតាមរដ្ឋបាលវៀតណាមនៃសមុទ្រ និងកោះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)