ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំកំពូលអាស៊ានចិន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១១,០២,២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រ ឲ្យមានកិច្ចប្រជុំកំពូលអាស៊ានចិនដើម្បីពិភាក្សាដោះស្រាយលើបញ្ហាវីរុសកូរ៉ូណា ខណៈដែលវីរុសនេះកំពុងផ្ទុះឡើងខ្លំាងនៅក្នុងប្រទេសចិន ដែលធ្វើឲ្យអ្នកឆ្លងនិងអ្នកបាត់បង់ជីវិតកាន់តែមានចំនួនច្រើន។
ថ្លែងក្នុងពិធី បើកការដ្ឋានម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ប្រវែងជាង៧២ គីឡូម៉ែត្រ តម្លៃជាង ៥៦ លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅពេលខាងមុខនេះ នឹងមានកិច្ចប្រជុំឡានឆាង មេគង្គ ថ្នាក់រដ្ឋមន្ត្រីការបរទេស និងឈានទៅប្រជុំអាស៊ានចិន ថ្នាក់រដ្ឋមន្ត្រីការបរទេស។ តាមរយៈកិច្ចប្រជុំទំាង២នេះ ក្នុងនាមសម្តេចតេជោជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ហើយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ាន និងចិន មានគំនិតផ្ដួចផ្ដើម ស្នើឲ្យមានការប្រជុំបន្ទាន់ថ្នាក់កំពូលរវាងអាស៊ានចិន ដើម្បីឆ្លើយតបនៅក្នុងក្របខណ្ឌតំបន់លើបញ្ហា វីរុសកូរ៉ូណាប្រភេទថ្មីនេះ។ ព្រោះពេលនេះ វិធានការដោយប្រកាន់យក ដោយប្រទេសខ្លះ សម្រាប់បញ្ហានេះ គឺមានផលប៉ៈពាល់ ជាមួយនឹងបញ្ហាដែលវានាំទៅដល់ការរើសអើង និងការភយខ្លាច ដែលមិនគួរកើតមានទេ។ សម្តេចបានបញ្ជាក់ថា ក្នុងឋានៈជាសមាជិកមួយនៃអង្គការតំបន់របស់សមាជិកអាស៊ានសូមគាំទ្រឲ្យមានការប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានចិន ពិភាក្សាលើបញ្ហានៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី។ សំឡេង៖ ខ្ញុំនឹងបន្តគាំទ្រនិងការប្រជុំកំពូលអាស៊ានចិន លើបញ្ហាទាក់ទងនឹងជំងឺនេះ ហើយប្រសិនជាមានវេទិកាអន្តរជាតិដ៏ទៃ ខ្ញុំក៏គាំទ្រ ដើម្បីរកវិធានការឆ្លើយតប ឥឡូវបញ្ហា កូរ៉ូណាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសចិននោះទេ គឺវាជាបញ្ហាតំបន់និងសាកលហើយ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ ហើយមិនត្រូវយកពេលនេះ ដើម្បីសម្លាប់ចិននោះទេ ចិនច្បាស់ជាមានសមត្ថភាពក្នុងការដោះស្រាយអំពីបញ្ហានេះ។ ប្រទេសមួយចំនួនបានធ្វើការគិតគូររួចទៅហើយ ថានឹងមានការខាតបង់ប៉ុន្មានទៅលើវិសយទេសចរណ៍ដែលបណ្ដាលមកពីការធ្លាក់ចុះនៃទេសចរណ៍ចិន ឬបណ្ដាលមកពីវិធានការខ្លួនឯង បិទជើងហាះហើរ ហាមឃាត់ទេសចរណ៍ចិនចូលប្រទេសរបស់ខ្លួន ដោយគេបានព្យាករណ៍នៃការធ្លាក់ចុះតើត្រូវខាតបង់ប៉ុន្មាន។ ប្រទេសខ្លះដែលធ្លាប់នាំទំនិញទៅចិនតាមរយៈកប៉ាល់ និងយន្តហោះក៏ត្រូវបានព្យាករណ៍ថាទំនិញទាំងនោះ មិនត្រូវបាននាំទៅកាន់ប្រទេសចិននោះទេ ដូច្នេះវិធានការនេះ គឺជាប្រធានការបិទផ្លូវខ្លួនឯងតែម្ដង។ បន្ថែមវត្ថុធាតុដើមដែលចេញពីប្រទេសចិនច្រើនណាស់សម្រាប់ផ្គត់ផ្គង់ ទៅលើប្រទេសមួយចំនួន ឥឡូវត្រូវរងផលប៉ះពាល់ហើយ យប់មិញខ្ញុំបានមើលសូម្បីតែក្រុមហ៊ុនកូរ៉េដែលផលិតរថយន្តនៅក្រុងវូហានត្រូវទទួលការខាតបង់ធ្ងន់ធ្ងរដោយសារតែការផលិតរថយន្តមួយចំនួននៅវូហានត្រូវបិទព្រោះមិនអាចចលនាបាន។ ក្រៅពីនោះបំណែកបន្លាស់រថយន្តមួយចំនួនដែលត្រូវផ្គុំនៅកូរ៉េខាងត្បូង ក៏ត្រូវផ្អាក ដូច្នេះធ្វើឲ្យសង្វាក់ផលិតកម្មនៅកូរ៉េខាងត្បួងធ្លាក់ចុះដែរ។ អញ្ចឹងចិនគឺជាអ្នកទ្រទ្រង់ក្នុងសេដ្ឋកិច្ចពិភពលោក ក្នុងស្ថានការណ៍មានវិបត្តិ នៅឆ្នាំ១៩៩៧ វិបត្តិហិរញ្ញវត្ថុ អាស៊ី ចិនឈរយ៉ាងរឹងមាំ ដើម្បីស្រោចស្រង់អាស៊ីនៅពេលនោះ វិបត្តិសេដ្ឋកិច្ចសកល ២០០៨ដល់ឆ្នាំ២០១០ ដែលចាប់ផ្ដើមពីអាមេរិកនិងអឺរ៉ុប ប៉ុន្តែសេដ្ឋកិច្ចចិនបូកនឹងសេដ្ឋកិច្ចឥណ្ឌានៅតែរឹងមាំ ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ីល្អប្រសើរ ចិនឈានទៅជួយស្រោចស្រង់សេដ្ឋកិច្ច នៅប្រទេស មួយចំនួននៅអឺរ៉ុប ដូចជាវិបត្តិបំណុល នៅហ្គ្រិចជាដើម៕