សម្តេចតេជោហ៊ុនសែន អញ្ជើញបើកការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ២ និងផ្លូវលេខ ២២ ប្រវែងជាង៧២ គីឡូម៉ែត្រ តម្លៃជាង ៥៦ លានដុល្លារអាមេរិក

ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមបើកការ ដ្ឋានស្តារ និងសាងសង់ឡើងវិញ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូនបានឲ្យដឹងនៅក្នុងសុន្ទរថាស្វាគមន៍និងរបាយការណ៍ថា
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងជាង ៧២ គីឡូម៉ែត្រនេះ នឹងបែងចែកជា៣ផ្នែក។ ក្នុងនោះផ្នែកទី១៖ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន ប្រវែងជាង ៤ គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) បែងចែកដោយគំនូសចែកទ្រូង ផ្លូវ សាងសង់ចិញ្ចើមផ្លូវសងខាង ផ្លូវថ្មើរជើងសង ខាង ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិ ភាពនិងអំពូលអគ្គិសនីបំភ្លឺផ្លូវនៅតាមទីប្រជុំជន។
ផ្នែកទី២៖ ចាប់ពីផ្លូវប្រសព្វមហាវិថីសម្តេចតេ ជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែងជាង ៤ គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣៖ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំ បែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែងជាង ៦៣គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក)។ រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៥៦ លានដុល្លារអាមេរិក ជាហិរញ្ញ ប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករ។
ផ្លូវនេះទទួលបានសិទ្ធិសាងសង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltdនិងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយប្រើរយៈពេលសាងសង់ចំនួន ៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២៕