កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងនិងក្លាយជាផ្លូវអាស៊ានក្នុងការនាំចេញ-នាំចូលទំនិញ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ក្លាយជាផ្លូវអាស៊ានក្នុងការនាំចេញ-នាំចូលទំនិញ ដែលមានសក្តានុពលខ្លំាងសម្រាប់វិស័យដឹកជញ្ជូនឆ្លងកាត់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជួយកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើនផងដែរ ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវេ និងជាសក្តានុពលសម្រាប់ការដឹកជញ្ចូនទំនិញ និងបានជួយកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជា មានការរីកចំរើន ដែលទាក់ទាញអ្នកវិនិយោគបរទេសមកអភិវឌ្ឍន៍បន្ថែមទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង១៤៣លានដុល្លារអាមេរិក និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១៨ ហើយគិតរហូតមកដល់ពេលនេះសកម្មភាពការងារ សម្រេចបានជោគជ័យជាច្រើនជាង៦៨ភាគរយ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមទៀតថា ការងារស្ថាបនាត្រូវបានបែងចែកជា៣កំណាត់ផ្លូវធំៗរួមមាន ៖ ទី១ ផ្នែកខាងជើង ទី២ ផ្នែកខាងត្បូង និងទី៣ ផ្នែកកណ្តាល ត្រូវពង្រីកកំណាត់ផ្លូវជាតិពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលដោយកៅស៊ូAC និងមានសួរច្បារកណ្តាលផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវនេះ ចែកចេញជា២កញ្ចប់ក្នុងនោះ ៖ កញ្ចប់ទី១ សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) និងកញ្ចប់ទី២ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គម) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះមានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក ៕