ក្រសួងអប់រំប្រកាសពីភាពជោគជ័យលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
MC៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសពីភាពជោគជ័យលើការបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជាដែលបានឆ្លើយតបទៅនឹងតម្រូវការនៃអភិវឌ្ឍន៍ប្រទេសជាតិ ការអប់រំក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា ក្រសួងអប់រំបានសម្រេចគោលដៅដែលបានកំណត់ នៅក្នុងផែនការយុទ្ធសាស្រ្ដលើការបណ្ដុះបណ្ដុះបណ្ដាលធនធានមនុស្ស រួមមាន ការសិក្សារបស់សិស្សនិស្សិតមានគុណភាពកើនឡើង គុណភាពគ្រូកើនឡើង បង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត បង្កលក្ខណសម្បត្ដិនានារបស់យុវជនរងគ្រោះមានលទ្ធភាពចូលសិក្សានៅគ្រប់កម្រិតមានគុណភាព នឹងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់សញ្ញាប័ត្រមធ្យមសិក្សាទុតិយ្យភូមិជាដើម។
ឯកឧត្ដម បានបញ្ជាក់ថា ភាពជោគជ័យនេះ គឺដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យវិស័យអប់រំនេះ មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៤១ឆ្នាំ ក្រោយប្រទេសជាតិត្រូវបានរំដោះចេញពីរបបខ្មែរក្រហម។
ឯកឧត្ដម បានបញ្ជាក់ទៀតថា ដោយមើលឃើញពីភាពរីកចម្រើនលើវិស័យអប់រំនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាលើវិស័យអប់រំកើនឡើង៣ដង ស្មើនឹងប្រមាណ១៨ភាគរយ នៃថវិកាចំណាយរបស់ជាតិសរុប ប្រើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនៗ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ និងមានសិស្សកំពុងសិក្សាពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សាមានជាង៣លាននាក់ សិស្សជានារីមានជាង៤៩ភាគរយ៕