កម្ពុជា ថៃ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យរឹតតែរឹងមាំបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
MC៖ កម្ពុជា ថៃ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យរឹតតែរឹងមាំបន្ថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ នឹងត្រូវបានថែរក្សាបានយ៉ាងល្អបន្ថែមទៀត ដើម្បីជំរុញឲ្យសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីនេះជាបន្ដបន្ទាប់។
ឯកឧត្តមបន្តថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជន ជាពិសេសពាណិជ្ជករ នៃប្រទេសទាំងពីរកម្ពុជា-ថៃ។
ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់វិនិយោគគិន ធុរជនបរទេស ពីគ្រប់ប្រទេស ជាពិសេសពីប្រទេសថៃ ឲ្យមកបណ្តាក់ទុនរកស៊ីនៅបន្ថែមទៀតកម្ពុជា ពីព្រោះបរិយាកាស វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្ថានភាពនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ សម្រាប់ការវិយោគ និងធ្វើធុរកិច្ច ដែលមានផលចំណេញទាំងអស់គ្នា។

ឯកឧត្តម ជុំរិន្ទ ឡាក់សៈណាក់ វិស៊ីត ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្ដីក្រសួងពាណិជ្ជថៃ បានថ្លែងថា ទំហំពាណិកម្មទ្វេភាគីកម្ពុជា-ថៃ នាឆ្នាំ២០១៩ មានទឹកប្រាក់៩,៤១៦លានដុល្លារ ហើយរហូត មកដល់ពេលបច្ចុប្បន្ននេះ អ្នកវិនិយោគទុនថៃ មកវិនិយោគនៅកម្ពុជា មានទុនជាង១០០០ លាន ដុល្លារអាមេរិក ដោយជាប់ក្នុងចំណោម១០ប្រទេសធំៗ ដែលមកវិនិយោគនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា តាមតួលេខ និងស្ថិតិនេះ គឺនៅមាននិន្នាការកើនឡើងជាបន្ដបន្ទាប់ទៀត ដោយសារថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានប្ដេជ្ញា ធ្វើកិច្ចសហការជាមួយគ្នា ដើម្បីធ្វើឱ្យប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មដ៏យូរអង្វែង ក្នុងគោលបំណងដើម្បីនាំយកសេដ្ឋកិច្ចរបស់បណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ាន អោយមានការរីកចំរើនយ៉ាងខ្លាំងក្លា និងមានស្ថេរភាពទាំងអស់គ្នា៕