រដ្ឋមន្ត្រីក្រសួងការងារ៖ អ្វីដែលជាបញ្ហាប្រឈមនានា មានឥទ្ធិពលមកពីខាងក្រៅ គឺ បញ្ហាជំងឺកូរ៉ូណាវីរុស និងសង្គ្រាមពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា អ្វីដែលជាបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស សង្គ្រាមពាណិជ្ជកម្មផ្សេងៗ កំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដែលទាមទារ ឱ្យមន្ត្រីបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ។ ការ​លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ​មន្ត្រី​រាជការក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តម អ៊ិត សំហេង បានដាក់បទបញ្ជាទៅកាន់មន្ត្រីរាជការក្រោមឱវាទ​ត្រូវចុះត្រួត​ពិនិត្យ​ចរន្តការងាររបស់កម្មករ និយោជិត ក៏ដូចជាតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅ​ប្រទេស ដើម្បីបង្វែរកម្លាំងពលកម្មពីកន្លែងសល់ទៅបំពេញនៅកន្លែងដែលខ្វះ​កម្លាំងពល​កម្ម។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់អគ្គនាយកដ្ឋានការងារដោយគូសបញ្ជាក់ថា អាទិភាព​ទី១ គឺត្រូវពិនិត្យមើលការទូទាត់ប្រាក់បំណាច់អតីតភាពការងារ នៅតាមរោងចក្រនីមួយៗ និង​ការទូទាត់អត្ថប្រយោជន៍សម្រាប់កម្មករ និយោជិត។ ឯកឧត្តមបានណែនាំដល់គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា ត្រូវពង្រឹងការគ្រប់គ្រង តាម​ដានករណីថៅកែ រត់ចោលរោងចក្រ មិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយ ត្រូវតែគ្រប់គ្រងឱ្យបាន។ ចំណែកខាងវិទ្យាស្ថាន អប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញ​វិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណា​ខ្លះ​ដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថាតើត្រូវការគ្រូបណ្ដុះបណ្ដាល​ប៉ុន្មាន​នាក់បន្តបន្ទាប់ទៀត។

ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរន្ត​ទីផ្សារការងារក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែង​ណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ​ការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តី​រាជការ​ក្រោមឱវាទក្រសួងទាំងអស់ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផល​ជាផ្លែ​ផ្កា គួរជាទីមោទនភាពជូនជាតិមាតុភូមិ និងបានផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមាន​ប្រសិទ្ធភាពខ្ពស់បន្តទៀត៕

ដោយ ប៊ុនរិទ្ធ