រដ្ឋបាលព្រៃឈើ ថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ មិនបានកាប់ឈើនៅក្នុងតំបន់ព្រៃឡង់នោះទេ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖រដ្ឋបាលព្រៃឈើ អះអាងថាក្រុមហ៊ុនធី ង៉ាអភិវឌ្ឍន៍ និងវិនិយោគ មិនបានកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ ដូចការចោទប្រកាន់របស់បណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិមួយចំនួននោះទេ គឺក្រុមហ៊ុនមានគោលការណ៍វិនិយោគ ដាំដើមឈើពីរាជរដ្ឋាភិបាលត្រឹមត្រូវ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និងវិនិយោគ ទទួលបានគោលការណ៍វិនិយោគ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លើផ្ទៃដីទំហំ៦០៦០ ហិកតា ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ និងបានចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩។ ក្រុមហ៊ុនបានរៀបចំផែនការមេសម្រាប់ធ្វើការវិនិយោគដាំ អាកាស្យា ចន្ទន៍ក្រស្នា និងដំណាំកសិកម្មនិងឧស្សាហកម្ម ដោយបែងចែកជា៥អនុតំបន់។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលកន្លងមកនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិមួយចំនួន បានផ្សាយធ្វើការចោទប្រកាន់ថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និងវិនិយោគ ធ្វើសកម្មភាពដឹកឈើ និងកាប់ឈើយ៉ាងគគ្រឹកគគ្រេងហើយដាក់ការសង្ស័យមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានចេតនាបើកដៃអោយក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ និងវិនិយោគ ធ្វើអាជីវកម្មឈើខ្នាតធំ នៅជាប់តំបន់ព្រៃឡង់ ស្ថិតនៅខេត្តព្រះវិហារ។
រដ្ឋបាលព្រៃឈើ បានឲ្យដឹងទៀតថា ក្រុមហ៊ុននេះ ក៏បានធ្វើសារពើភ័ណ្ឌវាយតម្លៃ ប៉ាន់ស្មានធនធានព្រៃឈើរួចរាល់ នៅក្នុងអនុតំបន់៤និងអនុតំបន់៥និងបានបង់ថ្លៃសួយសារនិងបុព្វលាភផលអនុផលព្រៃឈើរួចរាល់ និងទទួលការអនុញ្ញាតឈូសឆាយ នៅដើមខែមករាឆ្នាំ២០២០នេះ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើការដាំដុះលើផ្ទៃដី ដែលក្រសួងបានអនុញ្ញាតអោយ។ ក្រុមហ៊ុននេះ ក៏អាចដឹកជញ្ជូនអនុផលព្រៃឈើ ដែលត្រូវបានអនុញ្ញាតឲ្យឈូសឆាយ។
រដ្ឋបាលព្រៃឈើ បានបញ្ជាក់បន្ថែមថា ការអនុវត្តរបស់ក្រុមហ៊ុនមិនត្រឹមត្រូវទៅតាមគោលការណ៍ និងច្បាប់ស្ដីពីព្រៃឈើ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមផ្លូវច្បាប់៕