ក្រុមអ្នកតវ៉ាតួកគីប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រឆាំងនឹងកិច្ចព្រមព្រៀងប្រចាំសតវត្សរ៍របស់លោក ត្រាំ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ អាម៉េរិកមិនបានអើពើអំពីផលប្រយោជន៍របស់ប៉ាឡេស្ទីនទេ ដោយលោកបាននិយាយបន្ថែមថា «ការយកទីក្រុងហ្សេរុយសាឡឹមទៅឱ្យប្រទេសអ៊ីស្រាអែល គឺមិនអាចទទួលយកបានទេ»។ ផែនការនេះក៏ត្រូវបានបដិសេធដោយអាជ្ញាធរប៉ាឡេស្ទីន និងបណ្តាប្រទេសនានា​នៅមជ្ឈិមបូព៌ាជាច្រើនផងដែរ។

ក្រុមបាតុករតួកគីកំពុងធ្វើបាតុកម្មនៅទីក្រុងអ៊ីស្តង់ប៊ុលប្រឆាំងនឹង «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» ដែលជាផែនការសន្តិភាព​អ៊ីស្រាអែល – ប៉ាឡេស្ទីន ដែលប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងខែមករា ឆ្នាំ ២០២០។ អ្នករៀបចំព្រឹត្តិការណ៍នេះបានថ្កោលទោសចំពោះការសម្រេចចិត្តនេះ ហើយជំរុញឱ្យប្រជាជន «ក្រោកឈរឡើងដើម្បីទីក្រុងហ្សេរុយសាឡឹម​ប្រឆាំងនឹងការសម្លុតគំរាមប្រចាំសតវត្សរ៍»។

យ៉ាងហោចណាស់មានមនុស្ស ១.០០០នាក់ មកពីអង្គការផ្សេងៗគ្នាមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ដែលដឹកនាំដោយ​គណបក្ស Felicity (Saadet Partisi) ។ អភិបាលទីក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamuglu ដែលបានចូលរួមក្នុងបាតុកម្មនេះបាន​លើកឡើងអំពីផែនការ ដោយបញ្ជាក់ថា គ្មានកន្លែងសម្រាប់ប្រជាជនប៉ាឡេស្ទីននៅក្នុងនោះទេ ហើយលោកបាននិយាយបន្ថែមថា ស្ថានភាពរបស់ទីក្រុង ហ្សេរុយសាឡឹម គឺជាបញ្ហាមួយសម្រាប់ប្រជាជនមូស្លីមក្នុងការប្រយុទ្ធប្រឆាំងជាមួយ។

កិច្ចព្រមព្រៀងដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហាញថា ទីក្រុងហ្សេរុយសាឡឹម នឹងក្លាយជា «រដ្ឋធានីអធិបតេយ្យរបស់រដ្ឋអ៊ីស្រាអែល» ខណៈដែលប្រជាជនប៉ាឡេស្ទីនត្រូវបាន ផ្តល់ឱ្យនូវតំបន់មួយចំនួននៅក្នុងក្បែរទីក្រុង​ហ្សេរុយសាឡឹម ភាគខាងកើត ជារដ្ឋធានីរបស់ប្រទេសពួកគេ។

វាក៏បានចែងផងដែរថា អ៊ីស្រាអែលនឹងរួមបញ្ចូលការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វយ៉ាងតិច ៨៧ភាគរយនៅតំបន់ West Bank ខណៈដែលអាជ្ញាធរប៉ាឡេស្ទីននឹងបន្ថែមទឹកដីរបស់ខ្លួនទ្វេដងតាមរយៈការដោះដូរដីជាច្រើន ហើយនឹងត្រូវបានផ្តល់ទឹកប្រាក់​ចំនួន ៥០ប៊ីលានដុល្លារអាម៉េរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)