ស្ថានភាពនៅតំបន់ Zhambyl នៃប្រទេសកាហ្សាក់ស្ថាន វិលត្រឡប់មកសភាពធម្មតាវិញ​បន្ទាប់ពីមានការប៉ះទង្គិច

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ សេវាសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីកាហ្សាក់ស្ថានបាននិយាយថា ស្ថានភាព នៅក្នុងតំបន់ Zhambyl នៃប្រទេសកាហ្សាក់ស្ថាន ដែលមានប្រជាជនរស់នៅច្រើន ដែលជាកន្លែងប្រកាសអាសន្ននៃការប៉ះទង្គិចគ្នាដោយ​អំពើហិង្សាកាលពីថ្ងៃសៅរ៍នោះ បានវិលមករកភាពប្រក្រតីវិញហើយ។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីបានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីកាហ្សាក់ស្ថាន លោក Berdibek Saparbayev បានធ្វើទស្សនកិច្ចនៅតំបន់មួយចំនួននៅទីនោះកាលពីយប់ថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍បាននិយាយថា «ស្ថានភាពនៅតំបន់ដែលមានប្រជាជនទាំងនោះ គឺមានសភាពធម្មតា។ នៅរសៀលថ្ងៃសៅរ៍ អ្នកស្រុកត្រូវបានធានាថា នឹងមិនមានការរំខានទៀតទេ ហើយស្ថានភាពស្ថិតក្រោមការគ្រប់គ្រងបាន»។

រដ្ឋាភិបាលបាននិយាយថា «គណៈកម្មការរដ្ឋាភិបាលដែលបានមកពី Nur-Sultan នឹងស្នាក់នៅក្នុងស្រុក Kordai ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់នោះ»។

ក្នុងឱកាសជួបប្រជុំជាមួយព្រឹទ្ធាចារ្យក្នុងតំបន់នៅក្នុងភូមិ Sortobe ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យប្រជាជនក្នុងតំបន់រក្សា​ភាពស្ងប់ស្ងាត់ និងកុំឆ្លើយតបទៅនឹងការបង្កហេតុនានា។

លោកបាននិយាយថា «ភារកិច្ចរបស់យើង គឺដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាជន»។ សេវាសារព័ត៌មានរបស់រដ្ឋាភិបាលបានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «យើងនឹងស្តារស្ថានភាពសណ្តាប់ធ្នាប់ឡើងវិញ ដូច្នេះខ្ញុំស្នើសុំឱ្យអ្នកទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់។ យើងមានសមត្ថភាព និងធនធានចាំបាច់ទាំងអស់ដើម្បីធ្វើដូច្នេះ»។

លោកនាយករដ្ឋមន្រ្តីបាននិយាយបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតនឹងពិនិត្យមើលរាល់កាលៈទេសៈនៃឧប្បត្តិហេតុ ដើម្បីកំណត់ អត្តសញ្ញាណអ្នកដែលនៅពីក្រោយ។

លោកបានសង្កត់ធ្ងន់ថា ការប៉ះទង្គិចគ្នាជាលទ្ធផលនៃជម្លោះក្នុងស្រុក ដោយលោកបាននិយាយបន្ថែមថា «មិនមានបរិបទ​អន្តរជាតិនៅក្នុងហេតុការណ៍នេះទេ»។

មានមនុស្សចំនួន ៨នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងតំបន់ជនបទនៃតំបន់ Zhambyl នៃប្រទេសកាហ្សាក់ស្ថាន។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល        កាហ្សាក់ស្ថាន លោក Kamalzhan Nadyrov បានឱ្យដឹងថា មនុស្សសរុបទាំងអស់ ៣៧នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។ ស្ថានភាពអាសន្នត្រូវបានធ្វើឡើងនៅក្នុងស្រុក Kordai ក្នុងតំបន់ Zhambyl ចាប់ពីម៉ោង ២១:០០ម៉ោងក្នុងស្រុក (ម៉ោង ១៨:០០ ម៉ោងនៅទីក្រុងមូស្គូ) កាលពីថ្ងៃសៅរ៍៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)